គ្មាន​ឡើយ​ជំនួប​កំពូល​រវាងលោក ដូណាល់ ត្រាំ និងលោក ស៊ី ជិនពីង ក្នុង​ខែមីនា តាមការ​គ្រោង​ទុកនោះទេ

(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីរតនាគារជាតិអាមេរិក លោក Steven Mnuchin បានបញ្ជាក់ថាកិច្ចប្រជុំកំពូលដោះស្រាយ ជម្លោះ ពាណិជ្ជកម្មរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង នឹងមិនត្រូវបានធ្វើឡើង នៅចុងខែមីនានេះ តាមការគ្រោងទុកនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០១៩។

ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បន្ទាប់ពីផ្ដល់សក្ខីកម្មដល់គណកម្មាធិការហិរញ្ញវត្ថុនៃ ព្រឹទ្ធសភា អាមេរិក លោក Mnuchin ក៏បានសង្កត់ធ្ងន់ដែរថាការសម្រេចចិត្តមិនរៀបចំជំនួបកំពូលនៅចុង ខែមីនានេះ ដោយសារតែភាគី ទាំង២ត្រូវការពេលវេលាបន្ថែមទៀតក្នុងកិច្ចចរចាពាណិជ្ជកម្មបច្ចុប្បន្ន។ តែទោះ ជាយ៉ាងនេះក្ដី រដ្ឋមន្ត្រីរតនាគារជាតិរូបនេះ នៅតែអះអាងដដែលថាទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន កំពុង ធ្វើការងារប្រកបដោយភាពរីកចំរើនដើម្បីឈានដល់កិច្ចព្រម ព្រៀងមួយឱ្យបានលឿនតាមដែលអាចធ្វើទៅ បាន។

គួរបញ្ជាក់ថា ជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន ត្រូវបានគេមើលឃើញថាមានធូរស្រាល ក្រោយ លោក ដូណាល់ ត្រាំ ផ្អាកគម្រោងដំឡើងពន្ធបន្ថែមលើផលិតផលរបស់ចិនដែលដំបូងឡើយគ្រោងចូលជាធរ មាននៅថ្ងៃទី០១ ខែមីនា។ ប៉ុន្តែ អ្នកជំនាញមួយចំនួន នៅតែព្រួយបារម្ភខ្លាចក្រែងជម្លោះនេះផ្ទុះឡើងជាថ្មី ខណៈមហាអំណាចសេដ្ឋកិច្ចទាំង២កំពុងមាន ភាពតានតឹងគ្នាជាច្រើន ជាពិសេសគឺពាក់ព័ន្ធនឹងបច្ចេកវិទ្យា 5G របស់ចិនតែម្ដង៕

You might also like More from author