អ៊ីស្រាអែល​​​ប្រើក្បួន​​យន្តហោះ​​ចម្បាំង «​វាយ​ប្រហារ​លើ​តំបន់​​​​ហ្គាហ្សា» ដើម្បី​សងសឹក​​នឹងការ​​បាញ់រ៉ុក្កែត​ពីរគ្រាប់​លើ​ទីក្រុង​តែលអាវីវ

(ហ្គាហ្សា)៖ កងយន្តហោះចម្បាំងអ៊ីស្រាអែល បានបើកការវាយសង្គ្រប់ទៅលើមូលដ្ឋានក្រុមសកម្មប្រយុទ្ធក្នុង ទឹកដីហ្គាហ្សាស្ទ្រីព នៅវេលាទៀបភ្លឺថ្ងៃសុក្រនេះតែម្តង បន្ទាប់ពីគ្រាប់រ៉ុក្កែតពីរគ្រាប់បានធ្លាក់មកលើទឹកដី ទីក្រុង តែលអាវីវ (Tel Aviv) នៃភាគកណ្តាលប្រទេសអ៊ីស្រាអែល កាលពីយប់ថ្ងៃព្រហស្បតិ៍។ នេះបើតាមការចេញ ផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០១៩។

តាមប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែល កងយន្តហោះចម្បាំងខាងលើនេះរួមមានដូចជាយន្តហោះដ្រូន ឧទ្ធម្ភាគ ចក្រ និងយន្តហោះចម្បាំង F-16 ផងដែរ បានធ្វើការហោះពីលើដែនដីនៃតំបន់ហ្គាហ្សា ដើម្បីស្វែងរកមូលដ្ឋាន នៃក្រុមសកម្មប្រយុទ្ធ ដែលបានបាញ់គ្រាប់រ៉ុក្កែតចំនួនពីរគ្រាប់ធ្លាក់មកលើទីក្រុង Tel Aviv របស់អ៊ីស្រាអែល ដែលស្ថិតនៅជាប់ឆ្នេរសមុទ្រ ប៉ុន្តែមិនបានបង្កការខូចខាត ឬមនុស្សរងគ្រោះនោះឡើយ។

គួរបញ្ជាក់ថា ការវាយប្រហារដោយគ្រាប់រ៉ុក្កែតមកលើដែនដីទីក្រុង Tel Aviv នេះគឺជារឿងដែលមិនធ្លាប់កើត មានឡើយគិតចាប់តាំងពីឆ្នាំ២០១៤។ ដោយឡែកចំពោះការវាយប្រហារសងសឹកវិញពីសំណាក់អ៊ីស្រាអែលនោះ សាក្សីដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែកបញ្ជាក់ថា យន្តហោះអ៊ីស្រាអែលបានធ្វើការទម្លាក់គ្រាប់បែក លើទីតាំងមួយចំនួន ដែលបង្កឲ្យមានការផ្ទុះ និងផ្សែងខ្មៅងងឹតហុយឡើងលើមេឃតែម្តង ប៉ុន្តែពុំមានការបញ្ជាក់ ថា មានមនុស្សរងគ្រោះដែរ ឬយ៉ាងណានោះឡើយ៕

You might also like More from author