ទីបំផុត​​ក្រុមហ៊ុន​ Boeing ព្រមផ្អាក​​​ការ​បញ្ជូន​​យន្តហោះ​​ប្រភេទ 737 MAX ទៅឲ្យ​​អតិថិជន ប៉ុន្តែ​​ការ​ផលិត​​នៅ​តែ​បន្ត

(វ៉ាស៊ីនតោន)៖ ទីបំផុតក្រុមហ៊ុន Boeing បានចេញសេចក្តីសម្រេចជាផ្លូវការហើយ ដោយក្នុងនោះយន្តហោះ ប្រភេទ 737 MAX ទាំងអស់ដែលកំពុងស្ថិតក្នុងការផលិតនឹងត្រូវបន្តទៅមុខដដែល ប៉ុន្តែពួកវានឹងត្រូវពន្យារ ពេលក្នុងការបញ្ជូនទៅកាន់អថិជននានា បន្ទាប់ពីអាកាសចរណ៍ទូទាំងពិភពលោក រួមទាំងសហរដ្ឋអាមេរិក បានសម្រេចបញ្ឈរជើងយន្តហោះប្រភេទនេះដែលពួកគេមាន។ នេះបើតាមការចេញផ្សាយដោយ Sputnik នារសៀលថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០១៩។

សេចក្តីថ្លែងការណ៍របស់ Boeing ត្រូវបានចេញផ្សាយនៅប៉ុន្មានម៉ោងមុននេះថា «ក្រុមហ៊ុន Boeing បាន សម្រេចផ្អាកការបញ្ជូនយន្តហោះត្រកូល 737 MAX ទីកាន់អថិជន ក្រោយពីមានការបញ្ឈរជើងយន្តហោះ ប្រភេទនេះជាបណ្តោះអាសន្ន…។ យើងតែនៅតែបន្តផលិតយន្តហោះ 737 MAX នេះដដែល ស្របពេលនៃ ការពិនិត្យមើលស្ថានការណ៍ជាក់ស្តែង ចំពោះបញ្ហានានា ដែលអាចប៉ះពាល់ដល់សង្វាក់ផលិតកម្មរបស់ យើង…»

គួរបញ្ជាក់ថា ការចាត់វិធានការដំបូងពីសំណាក់ក្រុមហ៊ុន Boeing នេះបានកើតមានឡើងក្រោយពីរដ្ឋបាល សហព័ន្ធអាកាសចរណ៍អាមេរិកកាលពីថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) បានសម្រេចឲ្យមានការផ្អាក ប្រតិបត្តិការយន្តហោះប្រភេទ Boeing 737 MAX នៅសហរដ្ឋអាមេរិក ក្រោយពីអាកាសចរណ៍ជាច្រើននៅទូទាំង ពិភពលោក ដែលមានបម្រើយន្តហោះប្រភេទនេះ បានសម្រេចធ្វើបែបនេះស្ទើរទាំងអស់ទៅហើយនោះ។

ការធ្លាក់យន្តហោះ Boeing 737 MAX ចំនួនពីរគ្រឿងនៅឥណ្ឌូណេស៊ី និងអេត្យូពីដែលរំលងពីគ្នាតែជាង៥ខែនេះ បានបណ្តាលឲ្យមនុស្សសរុប ៣៤៦នាក់បាត់បង់ជីវិត ខណៈការសន្និដ្ឋានបឋមបានឲ្យដឹងថា យន្តហោះទាំងពីរ គ្រឿងនេះអាចបានជួបបញ្ហាស្រដៀងគ្នា នោះគឺទៅលើប្រព័ន្ធចង្អុលទិសស្វ័យប្រវត្តិ ខណៈប្រអប់ខ្មៅទាំងពីរ របស់យន្តហោះអេត្យូពី ដែលបានធ្លាក់កាលពីអាទិត្យសប្តាហ៍មុននេះ ត្រូវបានរកឃើញ និងបញ្ជូនទៅទីក្រុង ប៉ារីសប្រទេសបារាំងហើយ ដើម្បីធ្វើការស៊ើបអង្កេតរកមូលហេតុពិតនៃការធ្លាក់៕

You might also like More from author