មន្ត្រី​​​ជាន់​ខ្ពស់​កូរ៉េ​ខាងជើង​ «យើង​​​កំពុង​​ពិចារណា​​ផ្អាក​កិច្ច​ចរចា​​ជា​មួយ​ពួក​​​ជើង​​កាង​​ដូច​ជា​​អាមេរិក»​

(សេអ៊ូល)៖ អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោកស្រី ជឺ សុន ហ៊ុយ (Choe Son Hui) បាននិយាយថា ទីក្រុង ព្យុងយ៉ាងកំពុងពិចារណាផ្អាកកិច្ចចរចាជាមួយ «ពួកយូកូម (ជើងកាង)» ដូចជាសហរដ្ឋអាមេរិក ហើយអាចនឹងអនុវត្តន៍គោលនយោបាយនុយក្លេអ៊ែររបស់ខ្លួនឡើងវិញ បើសិនជាទីក្រុងវ៉ាស៊ីនតោនមិនព្រមផ្ដល់សម្បទានអ្វីទេនោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០១៩។

ការកត់សម្គាល់ខាងលើរបស់លោកស្រី Choe Son Hui ត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS និង Associated Press (AP)។ នៅក្នុងសម្រង់សម្ដីនេះ លោកស្រីក៏បានបន្ទោសទីក្រុងវ៉ាស៊ីនតោនផងដែរ ថា ជាអ្នកទទួលខុសត្រូវ លើបរាជ័យនៃកិច្ចប្រជុំកំពូលក្នុងទីក្រុងហាណូយ ប្រទេសវៀតណាមរវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន កាលពីចុងខែកុម្ភៈកន្លងទៅ។

អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងរូបនេះបានគូសបញ្ជាក់ដូច្នេះថា «យើងមិនចង់ចូលរួមកិច្ច ចរចាដូចដែលបានធ្វើឡើងនៅទីក្រុងហាណូយនោះទេ… ប៉ុន្តែយើងចង់បញ្ជាក់ឱ្យច្បាស់ថា អាកប្បកិរិយាយូកូមរបស់ សហរដ្ឋអាមេរិកនឹងធ្វើឱ្យស្ថានភាពស្ថិតនៅក្នុងគ្រោះថ្នាក់»។

គួរជម្រាបថា កិច្ចប្រជុំកំពូលរវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នៅទីក្រុងហាណូយ ប្រទេសវៀត ណាម កាលពីចុងខែកុម្ភៈកន្លងទៅបានបិទបញ្ចប់ទៅដោយគ្មានកិច្ចព្រមព្រៀងអ្វីទាំងអស់ ហើយសហរដ្ឋអាមេរិកបានអះអាងថា បរាជ័យនេះគឺដោយសារតែការខ្វែងគំនិតគ្នា លើការដកទណ្ឌកម្មពីទីក្រុងព្យុងយ៉ាង។ តែទោះជាយ៉ាងណា លោក ត្រាំ អះអាងថាលោក គីម ជុងអ៊ុន នឹងមិនធ្វើតេស្ដមីស៊ីល ឬអាវុធនុយក្លេអ៊ែរឡើងវិញនោះទេ៕

You might also like More from author