សហរដ្ឋ​អាមេរិក​​អំពាវនាវ​ឲ្យ​​ពលរដ្ឋ​ខ្លួន ចាក​ចេញ​​ពី​​ប្រទេស​​​វេណេស៊ុយអេឡា ខណៈ​​មាន​​​ការ​សង្ស័យ​​ថា ជិត​ដល់​​ពេល​​ធ្វើ​​អន្តរាគមន៍

(វ៉ាស៊ីនតោន)៖ ពលរដ្ឋអាមេរិក ទាំងអស់ដែលកំពុងរស់នៅក្នុងប្រទេសវេណេស៊ុយអេឡា គួរតែពិចារណាចាកចេញពីទីនោះ ខណៈវិបត្តិនយោបាយ និងវិបត្តិមនុស្សធម៌ក្នុងប្រទេសអាមេរិកឡាទីនមួយនេះ កាន់តែមានសភាពធ្ងន់ធ្ងរ។ នេះបើតាមអ្នកនាំពាក្យរងក្រសួងការបរទេសអាមេរិក ដកស្រង់ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០១៩។

អ្នកនាំពាក្យរងក្រសួងការបរទេសអាមេរិក លោក រ៉ូប៊ឺត ផល្លាឌីណូ (Robert Palladino) បានលើកឡើងយ៉ាងដូច្នេះថា «ពលរដ្ឋអាមេរិកកំពុងរស់នៅ ឬស្នាក់នៅ ឬក៏ចង់ធ្វើដំណើរទៅកាន់វេណេស៊ុយអេឡា គួរតែពិចារណាឡើងវិញឱ្យច្បាស់ ដោយចាកចេញពីប្រទេសមួយនេះ»។ លោកបន្តថា ស្ថានទូតអាមេរិកប្រចាំទីក្រុងការ៉ាកាស់មិនអាចផ្ដល់សេវាកម្ម ឬផ្ដល់ជំនួយណាមួយទៀតនោះទេ បន្ទាប់មន្ត្រីទូតអាមេរិកទាំងអស់ បានចេញចាកចេញពីវេណេស៊ុយអេឡា។

គួរបញ្ជាក់ថា នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បានឱ្យដឹងថា មន្ត្រីទូតអាមេរិកទាំងអស់បានចាកចេញពីប្រទេសវេណេស៊ុយអេឡា ហើយថា នឹងចាប់ផ្ដើមមានវត្តមានការទូតឡើងវិញនៅពេល លិទ្ធិប្រជាធិបតេយ្យត្រូវបានស្ដារឡើងវិញ។ ប៉ុន្តែការប្រកាសដករបស់លោក Pompeo ធ្វើឡើងនៅចំពេលមានការចោទប្រកាន់ជាច្រើនថា ទីក្រុងវ៉ាស៊ីនតោន មានគម្រោងធ្វើអន្តរាគមន៍យោធាផ្ដួលរំលំរបបដឹកនាំលោក នីកូឡាស់ ម៉ាឌូរ៉ូ៕

You might also like More from author