ការផ្តល់​ជំនួយ​មនុស្ស​ធម៌ឲ្យ​វេណេ​ស៊ុយអេឡា មិន​ត្រូវ​ធ្វើឡើង​ក្រោម​ហេតុផល​នយោបាយ​ឡើយ

(យូអិន)៖ ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំនៅអង្គការសហប្រជាជាតិ លោក Dian Triansyah Djani បានទទូចថា ការផ្តល់ជំនួយមនុស្សធម៌ទៅឲ្យប្រទេសវេណេស៊ុយអេឡាមិនត្រូវមានបង្កប់នូវគោលដៅគោលនយោបាយឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសា ឆ្នាំ២០១៩។

ថ្លែងក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីស្ថានការណ៍មនុស្សធម៌នៅវេណេស៊ុយអេឡា លោក Djani បានធ្វើការលើកឡើងថា ជំនួយមនុស្សធម៌គួរតែត្រូវផ្តល់ឲ្យវេណេស៊ុយអេឡា ក្រោមការទាក់ទង និង សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលនៃប្រទេសនេះផ្ទាល់ និងប្រព្រឹត្តទៅដោយការគោរពយ៉ាង ពេញលេញ ចំពោះអធិបតេយ្យភាពក៏ដូចជាបូរណភាពទឹកដីនៃប្រទេសវេណេស៊ុយអេឡា។

គួរបញ្ជាក់ថា បើតាមមន្រ្តីជាន់ខ្ពស់ឥណ្ឌូណេស៊ីរូបនេះ រាល់ការផ្តល់ជំនួយមនុស្សធម៌ពីគ្រប់ភាគីពាក់ព័ន្ធទាំង អស់ ទៅឲ្យវេណេស៊ុយអេឡា គួរតែធ្វើឡើងតាមច្រកទ្វារនៃប្រព័ន្ធរបស់អង្គការសហប្រជាជាតិ និងឈរលើ គោលការណ៍ មនុស្សធម៌ អព្យាក្រឹត្យ មិនលម្អៀង និងឯករាជ្យ។ ជាចុងក្រោយប្រទេសឥណ្ឌូណេស៊ីនៅតែ ប្រកាន់ជំហរថា កិច្ចសន្ទនាដោយសន្តិវិធី គឺជាកូនសោរដែលនឹងផ្តល់លក្ខខណ្ឌល្អជាងគេបំផុតសម្រាប់ការផ្តល់ ជំនួយមនុស្សធម៌ ដោយរលូន៕

You might also like More from author