មួយសន្លឹក​នេះ​ជាប់ជា​រូបថត​ល្អបំផុត​ប្រចាំ​ឆ្នាំ២០១៩ ក្នុង​ចំណោម​រូបថត​ជិត៨ម៉ឺន​សន្លឹក

(ហូឡង់)៖ រូបថតមួយសន្លឹករបស់ក្មេងស្រីអន្តោប្រវេសន៍ហុងដូរ៉ាស់ម្នាក់ យំស្រែកនៅពេលរូបនាង និងម្ដាយត្រូវ បានអាជ្ញាធរព្រំដែនអាមេរិក ចាប់ខ្លួនកាលពីឆ្នាំ២០១៨ បានទទួលជ័យលាភីខាងរូបថតល្បីល្បាញជាងគេ នៃពានរង្វាន់ World Press Photo Award ប្រចាំឆ្នាំ២០១៩ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ នេះបើតាមការចេញ ផ្សាយដោយ សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី១២ ខែមេសា ឆ្នាំ២០១៩។

យោងតាមក្រុមគណៈកម្មាការ រូបថតក្មេងស្រីអន្តោប្រវេសន៍ខាងលើ ត្រូវបានថតដោយ ជាងថតរូបជើងចាស់ គឺលោក ចន មូរ៉េ (John Moore) បានបង្ហាញពីប្រភេទខុសៗគ្នា នៃអំពើហិង្សា ហើយវាក៏បានធ្វើឱ្យមនុស្សដែល បានឃើញរូបថតនេះ ស្លុតស្មារតីជាខ្លាំងផងដែរ។ រូបថតក្មេងស្រីឈ្មោះ យ៉ាណេឡា (Yanela) ត្រូវបានថតនៅ អំឡុងពេលរូបនាង និងម្ដាយឈ្មោះ សានដ្រា សាន់ឆេស (Sandra Sanchez) ត្រូវបានអាជ្ញាធរព្រំដែនអាមេរិក ចាប់ខ្លួន កាលពីខែមិថុនា ឆ្នាំ២០១៨ បន្ទាប់ពីឆ្លងចូលព្រំដែន ម៉ិចស៊ីកូ-អាមេរិកដោយខុសច្បាប់។

លើសពីនេះទៅទៀត ក្រោយរូបថតនេះត្រូវបានចេញផ្សាយជាសាធារណៈ វាបង្កឱ្យមានការសម្បារ និងរិះគន់ យ៉ាងខ្លាំងលើគោលនយោបាយអន្តោប្រវេសន៍ ដ៏ចម្រូងចម្រាស់របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។

គួរបញ្ជាក់ថា រូបថតសរុបជាង ៧៨,៨០១សន្លឹកត្រូវបានដាក់ប្រកួតប្រជែងក្នុងកម្មវិធី World Press Photo Award ដោយក្រុមអ្នកថតរូបប្រមាណ ៤,៧៣៨នាក់ ហើយអ្នកទទួលជ័យលាភីទទួលបានប្រាក់រង្វាន់ ១០,០០០ដុល្លារ៕

You might also like More from author