ស្ថាប័ន IMF បង្កក​លុយ​វេណេ​ស៊ុយអេឡា «៤០០លាន​ដុល្លារ» ដោយ​សំអាង​ថា វេណេស៊ុយ​អេឡា​មិនទាន់​មានរដ្ឋាភិបាល​ត្រឹមត្រូវ

(វ៉ាស៊ីនតោន)៖ មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានប្រកាសថា ខ្លួននឹងបន្តរាំងខ្ទប់លុយ ៤០០លានដុល្លាររបស់ វេណេស៊ុយអេឡា រហូតទាល់តែបញ្ហានៃការទទួលស្គាល់រដ្ឋាភិបាល របស់ប្រទេសអាមេរិកឡាទីនមួយនេះ ត្រូវបានបញ្ជាក់ច្បាស់លាស់។ នេះបើតាមការដកស្រង់ ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅរសៀលថ្ងៃ សុក្រ ទី១២ ខែមេសា ឆ្នាំ២០១៩។

កាលពីដើមខែមករា IMF បានសម្រេចធ្វើការរាំងខ្ទប់លុយ ៤០០លានដុល្លារ របស់រដ្ឋាភិបាលទីក្រុងការ៉ាកាស់ ហើយថ្ងៃពុធសប្តាហ៍នេះស្ថាប័នហិរញ្ញវត្ថុអន្តរជាតិមួយនេះ បានប្រកាសយ៉ាងដូច្នេះថា «ការពាក់ព័ន្ធណាមួយ របស់ IMF ជាមួយវេណេស៊ុយអេឡា ដោយរួមទាំង ការឆ្លើយតបទៅនឹងសំណើដកលុយ ដែលអាចធ្វើឡើង ពីសំណាក់ទីក្រុងការ៉ាកាស់ គឺអាស្រ័យទៅលើការបញ្ជាក់ឲ្យបានច្បាស់ពីបញ្ហា ដែលទទួលស្គាល់ដោយ រដ្ឋាភិបាល នៃប្រទេសវេណេស៊ុយអេឡា ពោលគឺសមាជិករបស់ស្ថាប័នយើងត្រូវតែបញ្ជាក់ថា តើភាគីខាង ណាដែលពួកគេទទួលស្គាល់តាមផ្នែកការទូត ជាអ្នកដឹកនាំវេណេស៊ុយអេឡា…»

គួរជម្រាបថា ដោយសារតែប្រព័ន្ធកូតារបស់ IMF សហរដ្ឋអាមេរិកព្រមទាំងសម្ព័ន្ធមិត្តអឺរ៉ុប អាចប្រើសិទ្ធិជំទាស់ រាល់ការសម្រេចចិត្តនានារបស់ស្ថាប័នអន្តរជាតិមួយនេះ ពោលគឺអាចបង្ខំឲ្យ IMF ធ្វើតាមផលប្រយោជន៍របស់ ខ្លួនបាន។ បច្ចុប្បន្នវេណេស៊ុយអេឡា កំពុងទទួលវិបត្តិមនុស្សជាតិធ្ងន់ធ្ងរ ដោយសារការខ្វះខាតស្បៀង ទឹក និងថ្នាពេទ្យ ហើយបណ្តាញអគ្គិសនី ព្រមទាំងមានការដាច់ញឹកញាប់ថែមទៀតស្ទើរតែទូទាំងប្រទេស ចាប់តាំង ពីខែមីនាមក ខណៈសហរដ្ឋអាមេរិកកំពុងបន្តដាក់ទណ្ឌកម្មម្តង ហើយម្តងទៀតមកលើប្រទេសអាមេរិកឡាទីន មួយនេះ៕

You might also like More from author