សម្តេចសង្ឃ ដាឡៃ ឡាំម៉ា ត្រូវ​បញ្ជូន​ចេញ​ពី​មន្ទីរពេទ្យ​វិញ​ហើយ

(ឥណ្ឌា)៖ សម្តេចសង្ឃ ដាឡៃ ឡាំម៉ា (Dalai Lama) នៃតំបន់ទីបេ ត្រូវបានបញ្ជូនចេញពីមន្ទីរពេទ្យ នៅទីក្រុង New Delhi ប្រទេសឥណ្ឌា វិញហើយ នៅថ្ងៃសុក្រនេះ បន្ទាប់ពីរយៈពេល៣ថ្ងៃ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយសារមាន «ជំងឺក្អក», នេះបើយោងតាមសារព័ត៌មាន Bangkok Post ចុះផ្សាយឲ្យដឹងនាយប់ថ្ងៃទី១២ ខែមេសានេះ។

អ្នកនាំពាក្យរបស់សម្តេចសង្ឃ លោក Tenzin Taklha បានប្រាប់ឲ្យដឹងថា «សម្តេចសង្ឃ ត្រូវបានបញ្ជូនចេញពីមន្ទីរពេទ្យ នៅវេលាម៉ោង៨ព្រឹកនេះ ដោយឥឡូវនេះព្រះអង្គមានសុខភាពល្អ»

គួររំលឹកថា សម្តេចសង្ឃព្រះពុទ្ធសាសនា នៅតំបន់ទីបេ ប្រទេសចិន ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Max នៅរដ្ឋធានីរបស់ឥណ្ឌា កាលពីថ្ងៃអង្គារកន្លងទៅ។

កាលពីថ្ងៃព្រហស្បត្តិ៍ លោក Tenzin Taklha បន្តថា ម្ចាស់ពាន់រង្វាន់ណូប៊ែលសន្តិភាពអង្គនេះ បានត្រឡប់មានសុខភាព ល្អប្រសើរវិញ ហើយអាចធ្វើលំហាត់ប្រាណមួយចំនួន។ នៅថ្ងៃសុក្រនេះ សម្តេចសង្ឃ បានវិលត្រឡប់ទៅកាន់ភ្នំមួយ ស្ថិតក្នុងទីក្រុង Dharamsala ភាគខាងជើងប្រទេសឥណ្ឌា ជាទីកន្លែងដែលព្រះអង្គ បាននិរទេសជាអចិន្ត្រៃយ៍ អស់រយៈពេល៦ទសវត្សមកហើយ ជាមួយនឹងព្រះសង្ឃរាប់ពាន់អង្គទៀត។

សូមជម្រាបថា សម្តេចសង្ឃ បាននិរទេសខ្លួន ចេញពីទីក្រុង Lhasa តំបន់ទីបេ ប្រទេសចិន នៅឆ្នាំ១៩៥៩ ហើយបានឆ្លងកាត់ព្រំដែន Himalayan ទៅកាន់ប្រទេសឥណ្ឌា នៅពេលដែលព្រះអង្គ មានជន្មាយុ២៣ព្រះវស្សា ខណៈកងទ័ពចិនចូលទៅកាន់តំបន់ទីបេ ដើម្បីកម្ទេចក្រុមប៉ះបោរ៕

You might also like More from author