លោកស្រី ហ៊ីលឡារី គ្លីនតុន គាំទ្រ​ពេញ​ទំហឹង​ចំពោះ​ការ​ចាប់​ខ្លួន មេ​វែបសាយ WikiLeaks ដែល​ធ្លាប់​ឲ្យ​លោកស្រី​ខូច​ឈ្មោះ​កាល​ពី​ឆ្នាំ២០១៦

(វ៉ាស៊ីនតោន)៖ អតីតរដ្ឋមន្ត្រីការបរទេស និងជាអតីតបេក្ខភាពប្រធានាធិបតីអាមេរិក ចាញ់ឆ្នោតកាលពីឆ្នាំ២០១៦ លោកស្រី ហ៊ីលឡារី គ្លីនតុន (Hillary Clinton) បានសម្ដែងក្ដីរីករាយ និងស្វាគមន៍ឥតឧបមា ក្រោយទទួលបានដំណឹងថាស្ថាបនិកគេហទំព័រ WikiLeaks លោក ជូលៀន អាស្សាង (Julian Assange) ត្រូវបានប៉ូលិសអង់គ្លេស ចាប់ខ្លួនចេញពីស្ថានទូតអេក្វាឌ័រ ប្រចាំនៅទីក្រុងឡុងដ៍។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅល្ងាចថ្ងៃសុក្រ ទី១២ ខែមេសា ឆ្នាំ២០១៩។

នៅក្នុងសុន្ទរកថាមួយនាទីក្រុងញូយ៉ក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោកស្រី Clinton បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំគិតថាវាច្បាស់ណាស់ ចំពោះការចោទប្រកាន់ដែលត្រូវធ្វើឡើង និងមិនមែនជាការដាក់ពិន័យលើអ្នកសារព័ត៌មាននោះទេ ប៉ុន្តែវាគឺជាការដាក់ពិន័យលើអ្នក Hack ប្រព័ន្ធកុំព្យូទ័រ ដើម្បីលួចព័ត៌មានពីរដ្ឋាភិបាលអាមេរិក»។ ប៉ុន្តែទន្ទឹមគ្នានឹងការលើកឡើង របស់លោកស្រី Clinton អ្នកលេងបណ្ដាញទំនាក់ទំនងសង្គមជាច្រើន បាននាំគ្នារិះគន់យ៉ាងខ្លាំងថា ការចាប់ខ្លួនលោក Julian Assange គឺជាកៀបសង្កត់លើសេរីភាពសារព័ត៌មាន។

គួរបញ្ជាក់ថា លោក Julian Assange កាលពីថ្ងៃព្រហស្បតិ៍ ត្រូវបានប៉ូលិសអង់គ្លេសចាប់ខ្លួន តាមសំណើអាមេរិក ចេញពីស្ថានទូតអេក្វាឌ័រប្រចាំទីក្រុងឡុងដ៍ ជាទីដែលលោកបានរស់នៅជ្រកកោន អស់រយៈពេលជាង ៧ឆ្នាំ ចាប់តាំងពីឆ្នាំ២០១២ មក។ លោក Assange ក៏ជាមនុស្សម្នាក់ធ្វើឱ្យលោកស្រី Clinton បាត់បង់ប្រជាប្រិយភាព យ៉ាងខ្លាំងផងដែរ នៅអំឡុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០១៦ តាមរយៈការទម្លាយរឿងអាស្រូវជាច្រើន របស់លោកស្រីកាលកាន់តំណែងជារដ្ឋមន្ត្រីការបរទេស ជាពិសេសគឺការប្រើប្រាស់ E-mail ផ្ទាល់ខ្លួនក្នុងពេលបំពេញការងារ៕

You might also like More from author