គ្រោះ​រញ្ជួយដី​កម្រិត​៦.៨ រ៉ិចទ័រ​វាយ​ប្រហារ​ក្បែរកោះ Sulawesi ភាគ​កណ្តាល​ប្រទេស​​ឥណ្ឌូណេស៊ី

(ហ្សាការតា)៖ ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្រ្តអាមេរិក USGS បានរាយការណ៍ឲ្យដឹងថា គ្រោះរញ្ជួយដីមួយ កម្រិត៦.៨រ៉ិចទ័រ បានកើតមានឡើងនៅក្បែរកោះ Sulawesi ភាគកណ្តាលប្រទេសឥណ្ឌូណេស៊ី។ នេះបើតាម ការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន Sky News នៅយប់ថ្ងៃសុក្រ ទី១២ ខែមេសា ឆ្នាំ២០១៩។

ក្រោយកើតឡើងភ្លាមៗ ហេតុការណ៍ខាងលើបានបង្ខំឲ្យអាជ្ញាធរឥណ្ឌូណេស៊ី ចេញសារព្រមានអំពីរលក យក្សស៊ូណាមិ ប៉ុន្តែជាងកន្លះម៉ោងក្រោយការព្រមាននេះក៏ត្រូវបានដកចេញវិញ ក្រោយកម្រិតនៃការគំរាម កំហែងបានថយចុះ។ បើតាម USGS ចំណុចរំញ័រនៃគ្រោះរញ្ជួយដីនេះ ស្ថិតនៅឈូងសមុទ្រ Tolo ជាមួយជម្រៅ ប្រមាណ១៧គីឡូម៉ែត្រក្រោមបាតសមុទ្រ។ ម៉្យាងវិញទៀត ពុំមានសេចក្តីរាយការណ៍ណាមួយ អំពីការបំផ្លិច បំផ្លាញឬក៏មនុស្សរងគ្រោះ ដោយសារហេតុការណ៍រញ្ជួយផែនដីនេះឡើយ។

គួរជម្រាបថា កាលពីថ្ងៃកញ្ញា ឆ្នាំ២០១៨ គ្រោះមហន្តរាយរញ្ជួយដីនិងរលកយក្សដ៏អាក្រក់មួយ បានវាយប្រហារ លើទីក្រុង Palu ដែលស្ថិតនៅលើកោះ Sulaweisi ប្រទេសឥណ្ឌូណេស៊ី ដោយជាលទ្ធផលមនុស្សជាង ៤,០០០នាក់បាត់បង់ជីវិត៕

You might also like More from author