វៀតណាម​ដាក់​ពាក្យ​ប្តឹង​ជាថ្មី ទាមទារ​ឲ្យ​ក្រុមហ៊ុន​ផលិត​សារធាតុ​គីមី​ពុល​អាមេរិក Monsanto សង​ជំងឺ​ចិត្ត​រាប់លាន​ដុល្លារ ដល់​ជន​រងគ្រោះ​ក្នុង​សង្គ្រាម​វៀតណាម

(ហាណូយ)៖ ប្រទេសវៀតណាមកំពុងតែស្វែងរកយុត្តិធម៌ ជូនរងគ្រោះដោយសារសារធាតុគីមី Agent Orange តាមរយៈការទាមទារសំណងរាប់លានដុល្លារពីក្រុមហ៊ុនអាមេរិក Monsanto ដែលបានផលិតសារធាតុគីមីពុលនេះ និងផ្គត់ផ្គង់ឲ្យទាហានអាមេរិកប្រើប្រាស់កាលពីអំឡុងសង្គ្រាមនៅវៀតណាម។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន RT នារសៀលថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០១៩។

សមាគមវៀតណាមសម្រាប់ជនរងគ្រោះដោយសារធាតុគីមី Agent Orange (VAVA) បានសរសេរលិខិតមួយផ្ញើទៅកាន់តុលាការសហរដ្ឋអាមេរិក ដើម្បីស្នើសុំឲ្យមានការចាប់ផ្តើមឡើងវិញនូវសវនាការតាមបណ្តឹងផ្លូវច្បាប់ ពីសំណាក់ជនរងគ្រោះនានាដោយសារថ្នាំគីមីពុល Agent Orange ផលិតដោយក្រុមហ៊ុនអាមេរិកក្នុងនោះរួមមានទាំងក្រុមហ៊ុន Monsanto ដែលធ្លាប់ត្រូវតុលាការញូយ៉កបិទសំណុំរឿងម្តងរួចមកហើយ កាលពីឆ្នាំ២០០៤ ព្រោះសំអាងលើ «គ្មានភស្តុតាងគ្រប់គ្រាន់» ពីសំណាក់វៀតណាម។

កន្លងទៅប៉ុន្មានទសវត្សរ៍មកហើយដែលប្រទេសវៀតណាម តែងតែធ្វើការតវ៉ា និងប្តឹងទៅកាន់តុលាការអាមេរិក ដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ តាមរយៈការទាមទារសំណងរាប់លានដុល្លារអាមេរិក។ សមាគម VAVA បានសង្កត់ធ្ងន់ថា វាគឺដល់ពេលហើយសម្រាប់ក្រុមហ៊ុនអាមេរិក ក្នុងការទទួលខុសត្រូវចំពោះការផ្គត់ផ្គង់សារធាតុគីមី Agent Orange ឲ្យទៅទាហានអាមេរិក ដើម្បីប្រើប្រាស់ក្នុងសង្គ្រាមដ៏ជូរចត់អំឡុងឆ្នាំ១៩៦១-១៩៧១ ប្រឆាំងនឹងកងទ័ពវៀតកុង ដែលយ៉ាងហោចណាស់ថ្នាំគីមីប្រភេទនេះជិត ៥០លានលីត្រត្រូវបានអាមេរិកប្រើប្រាស់។

គួរបញ្ជាក់ថា ឥទ្ធិពលដ៏អាក្រក់បំផុតនៃសារធាតុគីមី Agent Orange គឺវាមានផ្ទុកឌីអុកសាំង (Dioxin) និងតុកសិក (Toxic) ក្នុងកម្រិតខ្ពស់បំផុត ហើយជនរងគ្រោះដែលប៉ះពាល់នឹងសារធាតុនេះ នឹងទទួលរងនូវបញ្ហាសុខភាពធ្ងន់ធ្ងរបំផុត ជាពិសេសស្ត្រីដែលពរពោះ និងផ្តល់កំណើតដល់ទារក, ជំងឺមហារីក, និងជំងឺបង្កឲ្យមនុស្សឆាប់ស្លាប់ផ្សេងៗទៀត។ វៀតណាមបានអះអាងថា បច្ចុប្បន្នអ្នកជំងឺរងគ្រោះដោយសារធាតុគីមី Orange Agent យ៉ាងហោចណាស់ក៏ មាន ៤.៨លាននាក់ដែរ៕

You might also like More from author