វេទិកា​ខ្សែក្រវាត់ និង​ផ្លូវ​លើក​ទីពីរ រៀបចំ​ឡើង​​​នៅ​​ក្នុង​​រដ្ឋធានី​ប៉េកាំង នៃ​ប្រទេស​ចិន

(ប៉េកាំង)៖ កិច្ចប្រជុំកំពូលនៃវេទិកាខ្សែក្រវាត់ និងផ្លូវ (BRF) ជាលើកទី ២ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ នឹងចាប់ផ្តើមប្រព្រឹត្តទៅនៅក្នុងទីក្រុងប៉េកាំង ប្រទេសចិនពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ សំដៅស្វែងរកកិច្ចសហប្រតិបត្តិការប្រកបដោយគុណភាពខ្ពស់ ក្រោមគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០១៩។

ប្រមុខរដ្ឋ និងរដ្ឋាភិបាលមកពី ៣៧ប្រទេស ក្នុងនោះមានទាំងលោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន និងលោកប្រធានាធិបតីហ្វីលីពីនលោក រ៉ូទ្រីហ្គោ ឌូតឺតេ ព្រមទាំងបណ្ដាមេដឹកនាំកំពូលដទៃៗទៀត មកពីប្រទេស អូទ្រីស អេហ្ស៊ីប អ៊ីតាលី ឡាវ និងកម្ពុជា នឹងត្រូវចូលរួមកិច្ចប្រជុំនៃវេទិការខ្សែក្រវាត់ និងផ្លូវ (BRF)។ ចំណែកឯប្រទេសបារាំង អាល្លឺម៉ង់ អង់គ្លេស អេស្ប៉ាញ ជប៉ុន កូរ៉េខាងត្បូង រួមទាំងសហភាពអឺរ៉ុបក៏រៀបចំបញ្ជូនប្រតិភូ ឬអ្នកតំណាងជាន់ខ្ពស់ឱ្យមកចូលរួមក្នុងកិច្ចប្រជុំនេះដែរ។

គួរបញ្ជាក់ផងដែរថា នៅមុនជំនួបផ្លូវការរៀបចំឡើង ប្រធានាធិបតីចិនលោក ស៊ី ជិនពីង ក៏បានទទួលស្វាគមន៍ជំនួបទ្វេភាគីជាមួយមេដឹកនាំជាច្រើនរូបផងដែរ ដើម្បីពិភាក្សាអំពីទំនាក់ទំនងមិត្តភាព សេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងបណ្តាប្រទេសទាំងនោះ។ ទីក្រុងប៉េកាំងពេលនេះ គឺជាម្ចាស់ផ្ទះដែលទទួលភ្ញៀវរហូតដល់ទៅ ៥,០០០នាក់ មកពីប្រទេសចំនួន ១៥០នាក់ និងអង្គការអន្តរជាតិសរុប ៩០ ផងដែរ៕

You might also like More from author