ស្មាត​ហ្វូនល្បីៗ​របស់​ចិន កំពុង​វាយ​លុក​ទីផ្សារ​ឥណ្ឌា ដោយ​ក្តោបក្តាប់​ទីផ្សារ​បាន៦៦%

(ញូដេលី)៖ ទោះបីជាឥណ្ឌាជាប្រទេសកំពុងតែមានសន្ទុះខ្លាំង នៅក្នុងការអភិវឌ្ឍបច្ចេកវិទ្យាទំនើបៗ ដើម្បីប្រកួត ប្រជែងនឹងបណ្តាប្រទេសធំៗនានាលើពិភពលោកក៏ដោយ តែងាកមកកាន់ផលិតផលស្មាតហ្វូនវិញនោះ ប្រទេសនេះនៅតែបន្តពឹងផ្អែកលើ ផលិតផលពីក្រៅប្រទេសច្រើនលើសលប់នៅឡើយ ដោយក្នុងនោះស្មាតហ្វូន នាំចូលពីប្រទេសចិន បានឈរនៅលំដាប់កំពូលគេ និងកំពុងក្តោបក្តាប់ទីផ្សារស្មាតហ្វូនឥណ្ឌាប្រមាណ ៦៦% ឯណោះ។ នេះបើតាមការចេញផ្សាយដោយ Channel News Asia នាល្ងាចថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០១៩។

តួលេខខាងលើនេះ ត្រូវបានបញ្ចេញដោយក្រសួងពាក់ព័ន្ធរបស់ឥណ្ឌាប្រចាំត្រីមាសទី ១ នៃឆ្នាំ២០១៩ ខណៈ ដែលស្មាតហ្វូនផលិតនៅក្នុងស្រុករបស់ឥណ្ឌាផ្ទាល់ ហាក់មិនទាន់មានសញ្ញាថា អាចចូលរួមប្រកួតប្រជែងជា មួយកំពូលប្រទេសផលិតស្មាតហ្វូនល្បីៗស្រាប់ដូចជា ចិន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងនោះឡើយ។ បច្ចុប្បន្នម៉ាកទូរស័ព្ទចិនដែលកំពុងល្បីល្បាញខ្លាំងនៅឥណ្ឌាមានដូចជា Vivo, Xiaomi (Realme) និង Oppo ជាដើម។

ដោយឡែក Samsung ដែលជាទូរស័ព្ទលក់ដាច់បំផុតលេខ ១ លើលោក ក៏មានចំណែកទីផ្សារធំផងដែរនៅក្នុង ប្រទេសឥណ្ឌា ខណៈដែលទីផ្សាររបស់ Vivo បានកើនឡើងរហូតដល់ ១១៩% ក្នុងត្រីមាសទី ១ ឆ្នាំ២០១៩ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈទីផ្សាររបស់ Oppo វិញក៏បានពង្រីកធំបន្ថែមរហូតដល់ ២៨% ផងដែរនៅរយៈពេលដូចគ្នា។

ឥណ្ឌាត្រូវបានក្រុមអ្នកជំនាញទីផ្សារក្នុងតំបន់អះអាងថា គឺជាទីផ្សារប្រកបដោយសក្តានុពល ខ្លាំងបំផុតសម្រាប់ ក្រុមហ៊ុនផលិតទូរស័ព្ទដៃទំនើបធំៗលើលោក បន្ទាប់ពីទីផ្សារប្រទេសចិន ដែលឈរនៅលេខរៀង ១។

គួរបញ្ជាក់ថា បើតាមការស្ទាបស្ទង់នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រជាជនឥណ្ឌាកាន់តែច្រើនមាន លទ្ធភាពទិញទូរស័ព្ទដៃទំនើបៗដើម្បីប្រើប្រាស់ ហើយគោលដៅធំរបស់ពួកគេគឺទៅលើផលិតផលស្មាតហ្វូន ណា ដែលមានបំពាក់កាមេរ៉ា Selfie ល្អ មានអេក្រង់ធំ និងអាចលេងអ៊ីនធើណែតទស្សនាវីដេអូបានច្បាស់ ជាមួយតម្លៃថោក និងសមរម្យ ហើយអ្វីៗទាំងអស់នេះ គឺស្មាតហ្វូននាំចូលពីប្រទេសចិន អាចបំពេញបានទាំង អស់៕

You might also like More from author