ក្រុមហ៊ុន Blue Origin របស់​កំពូល​មហា​សេដ្ឋី​ពិភពលោក Jeff Bezos បញ្ចេញ​យាន​សម្រាប់​ចុះចត​លើ​ផ្ទៃ​ព្រះច័ន្ទ​ហៅថា «Blue Moon»

(វ៉ាស៊ីនតោន)៖ ស្ថាបនិកក្រុមហ៊ុនលក់ទំនិញអនឡាញ Amazon និងក្រុមហ៊ុនអវកាស Blue Origin គឺកំពូល មហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនជាងគេ លោក Jeff Bezos បានបញ្ចេញនូវយាន Lander គំរូមួយហៅថា Blue Moon សម្រាប់បេសកកម្មឆ្ពោះទៅកាន់ឋានព្រះច័ន្ទ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារ ព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០១៩។

ថ្លែងក្នុងកម្មវិធីមួយនៅឯរដ្ឋធានីវ៉ាស៊ីនតោននាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លោក Bezos បានប្រកាសដូច្នេះថា «នេះគឺជាយាន Blue Moon ដែលពួកយើងបានខិតខំប្រឹងប្រែងអភិវឌ្ឍន៍ឡើងអស់រយៈពេល០៣ឆ្នាំ ដោយវាគឺជាយាន Lander ធំមួយ ដែលនឹងអាចដឹកជញ្ជូនទំនិញក៏ដូចជាអវកាសយានិកឡើងទៅកាន់ឋាន ព្រះច័ន្ទបាន នៅប៉ុន្មានឆ្នាំខាងមុខ»។ បើតាមលោក Bezos យាន Blue Moon នឹងប្រើប្រាស់សារធាតុអ៊ីដ្រូសែន រាវ ធ្វើជាឥន្ធនៈរបស់វា ដែលប្រការនេះអនុញ្ញាតឲ្យ Blue Moon អាចបញ្ជូលឥន្ធនៈ នៅលើផ្ទៃរបស់ព្រះច័ន្ទផ្ទាល់ តាមរយៈសារធាតុអ៊ីដ្រូសែនរាវ ដែលបានមកពីប្រភពទឹកនៅឋានព្រះច័ន្ទ។

គួរជម្រាបថា យាន Blue Moon នឹងអាចចុះទៅជាន់លើផ្ទៃភពអង្គារ នៅឆ្នាំ២០២៤ ដោយស្របទៅតាមគោលដៅ ដែលរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានកំណត់ឲ្យទីភ្នាក់ងារអវកាស NASA សម្រេចឲ្យ បាន៕

 

You might also like More from author