ប្រទេស​ចិន​ មិន​ចុះ​ញ៉ម​ជា​ដាច់​ខាត ទោះ​បីជា​ការ​ដាក់​សម្ពាធ​របស់​អាមេរិក ធ្ងន់ធ្ងរ​ដល់​កម្រិត​ណាក៏​ដោយ…

(ប៉េកាំង)៖ បន្ទាប់ពីកិច្ចចរចាពាណិជ្ជកម្មចិន-អាមេរិក ជុំលើកចុងក្រោយគេ ទើបតែបានបិទបញ្ចប់ទៅនៅឯរដ្ឋ ធានីវ៉ាស៊ីនតោន ប្រព័ន្ធផ្សព្វផ្សាយចិន បានចង្អុលបង្ហាញពីចំណុចធំៗចំនួន ០៣ ដែលនៅបន្តជាបញ្ហាក្នុងវិវាទ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ នេះបើតាមការដកស្រង់ការផ្សាយ នៅព្រឹកថ្ងៃសៅរ៍ ទី១១ ខែឧសភា ឆ្នាំ២០១៩។

សារព័ត៌មានរដ្ឋចិន People’s Daily និងទីភ្នាក់ងារព័ត៌មាន Xinhua បានបញ្ជាក់ទៀតថា ចំណុចធំៗទាំងនោះ គឺការលុបចោលនូវការដំឡើងពន្ធបន្ថែម ព្រមទាំងអតុល្យភាពនៃការធ្វើពាណិជ្ជកម្ម និងការសម្រេចឲ្យបាននូវកិច្ច ព្រមព្រៀងដែលស្មើភាពគ្នា។ សារព័ត៌មានចិន People’s Daily បានចុះផ្សាយយ៉ាងដូច្នេះថា «ចិននឹងគ្មានថ្ងៃចុះ ញ៉មចំពោះការដាក់សម្ពាធរបស់អាមេរិកឡើយ ទោះជាវាធ្ងន់ធ្ងរប៉ុណ្ណាក៏ដោយ។ ប្រទេសចិនបានបញ្ជាក់យ៉ាង ច្បាស់ហើយថា រាល់ការដំឡើងពន្ធលើមុខទំនិញ គួរត្រូវតែលុបបំបាត់ចោលទាំងអស់ ហើយការធ្វើពាណិជ្ជ កម្មត្រូវមានតុល្យភាព រីឯលក្ខខណ្ឌក្នុងកិច្ចព្រមព្រៀង ក៏ត្រូវស្មើភាព និងអាចទទួលយកបានដោយប្រជាជន ចិន ព្រមទាំង មិនប៉ះពាល់ដល់អធិបតេយ្យ និងសេចក្តីថ្លៃថ្នូររបស់ប្រទេសចិនឡើយ»

ចំណែកទីភ្នាក់ងារព័ត៌មាន Xinhua ក៏បានលើកឡើងដែរថា ការដកចេញវិញនូវរាល់ការដំឡើងពន្ធបន្ថែម ក៏ជាការទាមទាររបស់ អាជីវកម្មនៅសហរដ្ឋអាមេរិកផ្ទាល់ផងដែរ ម៉្យាងវិញទៀតវាគឺជាអ្វីដែលប្រទេសទាំងពីរ ត្រូវការដើម្បីបង្ហាញពីភាពអំណត់ និងតស៊ូដើម្បីជម្នះបញ្ហានានា។

គួរជម្រាបថា បើតាមឧបនាយករដ្ឋមន្រ្តីចិនលោក លីវ ហេ (Liu He) ដែលបានដឹកនាំប្រតិភូចិនទៅកាន់ទីក្រុង វ៉ាស៊ីនតោន ដើម្បីចូលរួម កិច្ចចរចាពាណិជ្ជកម្មនាសប្តាហ៍នេះបានឲ្យដឹងថា ភាគីទាំងពីរបានព្រមព្រៀងគ្នាបើក កិច្ចចរចាបន្តទៀតនៅសប្តាហ៍ក្រោយក្នុងទីក្រុងប៉េកាំង៕

You might also like More from author