ស្ត្រីពីរនាក់​បង្ហោះសារ​ប្រឆាំង​រដ្ឋាភិបាល​លើ Facebook ត្រូវ​កាត់​ទោស​ដាក់​ពន្ធនាគារ​ម្នាក់​៥ឆ្នាំ និង​ម្នាក់ទៀត​៦ឆ្នាំ

(ហាណូយ)៖ តុលាការប្រទេសវៀតណាមបានសម្រេចផ្តន្ទាទោសស្ត្រីពីររូប ដាក់ពន្ធនាគារដោយម្នាក់ត្រូវជាប់ ០៥ឆ្នាំ និងម្នាក់ទៀតរហូតដល់ ០៦ឆ្នាំ ពីបទបង្ហោះសារជាអត្ថបទ និងវីដេអូ ដែលមានន័យប្រឆាំងរដ្ឋាភិបាលទីក្រុងហាណូយ នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នារសៀលថ្ងៃសៅរ៍ ទី១១ ខែឧសភា ឆ្នាំ២០១៩។

ស្ត្រីពីររូបដែលត្រូវបានសម្រេចឲ្យជាប់ពន្ធនាគារខាងលើនេះ ម្នាក់មានឈ្មោះថា វូ ធីឌុង (Vu Thi Dung) និងម្នាក់ទៀតឈ្មោះ ង្វៀន ធីង៉ុកសួង (Nguyen Thi Ngoc Suong)។ ពួកគេត្រូវបានតុលាការរកឃើញថា បានបង្ហោះសារជាអត្ថបទ និងវីដេអូឃ្លីបនៅលើបណ្តាញសង្គមដ៏ល្បី Facebook ដែលត្រូវបានគេគណនាថា មានប្រជាជនវៀតណាមរហូតដល់ទៅជាង ៤៥លាននាក់កំពុងប្រើប្រាស់។

សារដែលស្ត្រីទាំងពីរនាក់ខាងលើបានបង្ហោះ គឺជាការសម្តែងមតិប្រឆាំងចំពោះគំរោងកសាងតំបន់សេដ្ឋកិច្ចពិសេសមួយចំនួន និងការបង្កើតសន្តិសុខព័ត៌មានវិទ្យា តាមរយៈការដាក់ឲ្យអនុវត្តន៍ច្បាប់តឹងរ៉ឹងថ្មីរបស់រដ្ឋាភិបាលវៀតណាម។ តុលាការវៀតណាមបានសម្រេចថា ស្ត្រីទាំងពីររូបពិតជាបានបង្ហោះ និងចែកចាយព័ត៌មាន ឯកសារ ព្រមទាំងភស្តុតាងនានា ដែលមានអត្ថន័យប្រឆាំងទៅនឹងសាធារណរដ្ឋសង្គមនិយមវៀតណាម។

គួរបញ្ជាក់ថា ច្បាប់រឹតបន្តឹងសន្តិសុខព័ត៌មានវិទ្យាថ្មីរបស់វៀតណាម គឺតម្រូវឲ្យក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធើណែតទាំងអស់នៅក្នុងស្រុក ផ្តល់ព័ត៌មាននានារបស់ម្ចាស់គណនី និងលុបចោលនូវការបង្ហោះ ឬចែកចាយនានា ដែលត្រូវបានស្នើសុំឲ្យដោយរដ្ឋាភិបាល។ ដោយឡែកពាក់ព័ន្ធនឹងគំរោងកសាងតំបន់សេដ្ឋកិច្ចពិសេសវិញនោះ ក៏បាននិងកំពុងក្លាយជាប្រធានបទរសើបផងដែរក្នុងសង្គមវៀតណាម ហើយការតវ៉ាជាច្រើនកន្លែងទូទាំងប្រទេស បានកើតឡើងរួចមកហើយ ខណៈអគាររដ្ឋមួយចំនួនបានរកការខូចខាត៕

You might also like More from author