ចិនដាក់​ដំណើរការ​នាវា​ចម្បាំង​ថ្មី​ពីរគ្រឿង ខណៈ​អាមេរិក​នៅតែ​​បន្ត​ចល័ត​នាវា​ចម្បាំង ចូលមក​សមុទ្រ​ចិន​ខាងត្បូង

(ប៉េកាំង)៖ នាវាចម្បាំងថ្មីចំនួន០២គ្រឿងប្រភេទ Type 052D ដែលមានបំពាក់មីស៊ីលប្រដេញ ត្រូវបានដាក់ឲ្យដំណើរការព្រមគ្នា នៅឯទីក្រុង Dalian ភាគឦសានប្រទេសចិន កាលពីថ្ងៃសុក្រ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃសៅរ៍ ទី១១ ខែឧសភា ឆ្នាំ២០១៩។

នាវាចម្បាំងទាំងពីរគ្រឿងមានឈ្មោះថា Tangshan និង Suzhou គឺជានាវាចម្បាំងទី១៩និងទី២០ ដែលជាប្រភេទ Type 052D​។ ​នាវាចម្បាំងប្រភេទ Type 052D គឺជាប្រភេទនាវាពិឃាតធុនធំ មានទម្ងន់៧,៥០០តោន ដែលបានត្រូវបានដាក់ឲ្យប្រើប្រាស់លើក​ដំបូងកាលពីខែមីនា ឆ្នាំ២០១៤។ នាវាចម្បាំងប្រភេទនេះ មានបំពាក់ប្រព័ន្ធរ៉ាដាយ៉ាងទំនើប រួមជាមួយប្រព័ន្ធកាំភ្លើងក៏ដូចជា​ប្រព័ន្ធមីស៊ីល ដែលអាចបំពាក់មីស៊ីលបាញ់ឆ្ពោះទៅរកគោលដៅនៅផ្ទៃអាកាស មីស៊ីលប្រឆាំងនាវាលើផ្ទៃទឹក និងសូម្បីតែមីស៊ីល​ប្រឆាំងនាវាមុជទឹក ហើយពួកវាក៏អាចផ្ទុកឧទ្ធម្ភាគចក្របានមួយគ្រឿងផងដែរ។

គួរជម្រាបថា ការដាក់ដំណើរការនាវាចម្បាំងថ្មីនេះ កើតមានឡើង ខណៈដែលតាំងពីដើមខែឧសភានេះមក កងទ័ពជើងទឹករបស់​អាមេរិក បានបញ្ជូននាវាចម្បាំងជាបន្តបន្ទាប់ឲ្យមកធ្វើដំណើរឆ្លងកាត់តំបន់សមុទ្រចិនខាងត្បូង ដែលមានបញ្ហាវិវាទរវាងប្រទេស​មួយចំនួននៅជុំវិញតំបន់នេះ។ ទីក្រុងប៉េកាំងតែងតែបានចេញមុខថ្កោលទោសចំពោះសកម្មភាពបង្កហេតុនេះ ប៉ុន្តែអាមេរិកហាក់​នៅតែមិនខ្វល់៕

You might also like More from author