ខ្មាន់កាំភ្លើង ៣នាក់ បើក​ការ​វាយ​ប្រហារ​លើ​សណ្ឋាគារ​ផ្កាយ​៥ របស់​ចិន​នៅ​ប៉ាគីស្ថាន

(ប៉ាគីស្ថាន)៖ អាជ្ញាធរប៉ាគីស្ថានបានឱ្យដឹងថា ខ្មាន់កាំភ្លើង ៣នាក់ បានបើកការបាញ់ប្រហារនៅឯសណ្ឋាគារផ្កាយ ៥មួយកន្លែង ស្ថិតនៅក្នុងខេត្ត Balochistan ដោយបានផ្ដាច់ជីវិតសន្តិសុខម្នាក់ ដែលព្យាយាមរារាំងខ្មាន់កាំភ្លើង ទាំងនេះចូលទៅក្នុងសណ្ឋាគារ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី១២ ខែឧសភា ឆ្នាំ២០១៩។

យោងតាមអាជ្ញាធរប៉ាគីស្ថាន ខ្មាន់កាំភ្លើងមានគោលដៅវាយប្រហារលើសណ្ឋាគារ Zaver Pearl-Continental ក្នុងទីក្រុង Gwadar នៃខេត្ត Balochistan ដែលស្ថិតនៅក្រោមគម្រោងអភិវឌ្ឍរបស់ចិន។ ប៉ុន្តែទន្ទឹមគ្នា មិនមានការបញ្ជាក់លម្អិតពីខ្មាន់កាំភ្លើងឡើយ ដោយគ្រាន់តែអ្នកនាំពាក្យសណ្ឋាគារម្នាក់ឱ្យដឹងថា អំឡុងពេលមានការបាញ់ប្រហារ មិនមានភ្ញៀវ និងបុគ្គលិកច្រើនឡើយដោយសារតែខែនេះគឺជាខែរ៉ាម៉ាឌន។

គួរបញ្ជាក់ថា ការវាយប្រហារខាងលើបានកើតឡើងនៅម៉ោង ១៦៖៥០នាទី កាលពីថ្ងៃសៅរ៍ (ម៉ោងក្នុងតំបន់) រីឯក្រុមសកម្មប្រយុទ្ធកងទ័ពរំដោះ Balochistan បានចេញមុខអះអាងថា ខ្លួនជាអ្នកនៅពីក្រោយការវាយប្រហារនេះ៕

You might also like More from author