ព្រលាន​យន្តហោះ​ថ្មីនៃ​ទីក្រុង​ប៉េកាំង ដាក់ឲ្យ​យន្តហោះ​៤គ្រឿង សាកល្បង​ហោះហើរ​ជាលើក​ដំបូង

(ប៉េកាំង)៖ ការធ្វើតេស្តហោះហើរលើកដំបូងនៃយន្តហោះដឹកអ្នកដំណើរ បានបញ្ចប់ទៅដោយជោគជ័យ នៅឯអាកាសយានដ្ឋានអន្តរជាតិថ្មីមួយ ក្នុងទីក្រុងប៉េកាំងប្រទេសចិន ដែលមានរាងដូចជាសត្វផ្កាយសមុទ្រ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ២០១៩។

នាព្រឹកថ្ងៃចន្ទនេះអាកាសយានដ្ឋានអន្តរជាតិ ដាស៊ីង (Daxing) នៃទីក្រុងប៉េកាំង ទើបតែបានបញ្ចប់ការធ្វើតេស្ត ហោះហើរ នៃយន្តហោះដឹកអ្នកដំណើរដោយជោគជ័យ ខណៈយន្តហោះចំនួន ០៤គ្រឿង បានមកធ្វើការចុះចត ដោយសុវត្ថិភាព។ ការធ្វើតេស្តនេះ មានការចូលរួមពីយន្តហោះ A380, A350-900, B747-8, និង B787-9 របស់អាកាសចរណ៍ China Southern Airlines, China Eastern Airlines, China Air, និង Xiamen Airlines។ យ៉ាងណាមិញនៅមានការគ្រោងតេស្តហោះហើរមួយចំនួនទៀត មុនពេលអាកាសយានដ្ឋាន Daxing អាចធ្វើ ប្រតិបត្តិការបានជាផ្លូវការ នៅមុនដំណាច់ខែកញ្ញា ឆ្នាំ២០១៩នេះ។

គួរជម្រាបថា ព្រលានយន្តហោះថ្មីនេះស្ថិតនៅចម្ងាយជិត ៥០គីឡូម៉ែត្រ ភាគខាងត្បូងទីប្រជុំជននៃទីក្រុងប៉េកាំង ហើយគោលដៅចម្បងរបស់វា គឺជួយសម្រាលបន្ទុកអ្នកដំណើរ ពីព្រលានយន្តហោះអន្តរជាតិធំជាងគេរបស់ ប៉េកាំង។ ព្រលានយន្តហោះ Daxing ត្រូវគេរំពឹងថានឹងអាចទទួលអ្នកដំណើរបាន ៤៥លាននាក់ជារៀងរាល់ ឆ្នាំនៅឆ្នាំ២០២១ ហើយអាចឡើងដល់ ៧២លាននាក់ នៅឆ្នាំ២០២៥៕

You might also like More from author