គោល​ជំហរ​ចិន «បើ​អាមេរិក​ ចង់​ចរចា​យើង​នឹង​ចរចា តែ​បើ​អាមេរិក​ចង់​បង្ក​សង្គ្រាម នោះ​យើង​នឹង​ប្រយុទ្ធ​ឲ្យដល់​ទីបំផុត»

(ប៉េកាំង)៖ ស្ថានីយទូរទស្សន៍រដ្ឋចិន CCTV បានប្រកាសជាថ្មីពីគោលជំហររបស់ទីក្រុងប៉េកាំង ពាក់ព័ន្ធនឹង សង្រ្គាម ពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ខណៈប្រទេសទាំងទើបតែដំឡើងពន្ធតម្លៃរាប់ពាន់លានដុល្លារ ដាក់គ្នាទៅវិញទៅមក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០១៩។

នៅក្នុងកម្មវិធីផ្សាយរបស់ខ្លួនក្នុងសប្ដាហ៍នេះ CCTV បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ជុំវិញសង្គ្រាមពាណិជ្ជកម្ម ដែលបង្កឡើងដោយសហរដ្ឋអាមេរិក ចិនបានបង្ហាញគោលជំហរយ៉ាងច្បាស់ នោះគឺយើងមិនចង់ធ្វើសង្រ្គាម នេះទេ ប៉ុន្តែ យើងក៏មិនខ្លាចនឹងធ្វើសង្រ្គាមនេះដែរ… ពោលគឺបើអ្នកចង់ចរចាយើងនឹងចរចា ហើយបើអ្នកចង់ ធ្វើសង្រ្គាម យើងនឹងប្រយុទ្ធរហូតដល់ទីបំផុត»

គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុននេះ សហរដ្ឋអាមេរិកបានដំឡើងពន្ធលើផលិតផលនាំចូលពីចិនមានតម្លៃ ២០០ពាន់លានដុល្លារ ហើយជាការសងសឹក ទីក្រុងប៉េកាំងក៏បានប្រកាសដំឡើងពន្ធមានតម្លៃ ៦០ពាន់លាន ដុល្លារលើផលិតផល អាមេរិកវិញផងដែរ។ រីឯប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ អះអាងថា នឹងជជែកពី រឿងនេះជាមួយប្រធានាធិបតីចិនលោក ស៊ី ជិនពីង នាឱកាសដែលមេដឹកនាំទាំងពីររូប ចូលរួមកិច្ចប្រជុំកំពូល មហាអំណាចសេដ្ឋកិច្ច G20 ក្នុងប្រទេសជប៉ុននាពេលឆាប់ៗខាងមុខនេះ៕

You might also like More from author