អាមេរិក​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ជាមួយ​កាណាដា និង​ម៉ិចស៊ីកូ ដើម្បី​លុប​ចោល​ការ​យកពន្ធ​កម្រិត​ខ្ពស់​លើ​ផលិតផល​ដែក​ថែប និង​អាលុយ​មីញ៉ូម

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក បានឈានដល់កិច្ចព្រមព្រៀងជាមួយ ប្រទេសកាណាដា និងម៉ិចស៊ីកូ ដើម្បីលុប ចោលការយកពន្ធកម្រិតខ្ពស់ ដែលទីក្រុងវ៉ាស៊ីនតោនបានដាក់ទៅលើផលិតផលដែកថែប និងអាលុយមីញ៉ូម ដែលនាំចូលពីប្រទេសជិតខាងទាំងពីររបស់ខ្លួន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន ចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី១៨ ខែឧសភា ឆ្នាំ២០១៩។

យោងតាមសេចក្តីថ្លែងការណ៍របស់ទីភ្នាក់ងារទទួលបន្ទុកគោលនយោបាយពាណិជ្ជកម្មអាមេរិក USTR នៅក្នុងរយៈពេល៤៨ម៉ោង ការយកពន្ធកម្រិតខ្ពស់២៥ភាគរយទៅលើដែកថែប និង១០ភាគរយទៅលើអាលុយ មីញ៉ូម ដែលរដ្ឋបាលលោក ដូណាល់ ត្រាំ បានដាក់លើកាណាដា និងម៉ិចស៊ីកូ កាលពីមួយឆ្នាំមុន នឹងត្រូវដក ចេញវិញ ហើយវាក៏ជួយបើកផ្លូវដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីរវាងប្រទេសទាំង០៣ថែមទៀតផង។ ទីភ្នាក់ងារ USTR បានបញ្ជាក់ទៀតថា កាណាដានិងម៉ិចស៊ីកូ ក៏បានយល់ព្រមលុបចោលនូវវិធានការសងសឹករបស់ខ្លួន មកលើផលិតផលរបស់អាមេរិកផងដែរ។

គួរជម្រាបថា កាលពីខែមីនា ឆ្នាំ២០១៨ ទីក្រុងវ៉ាស៊ីនតោនបានសម្រេចយកពន្ធដល់ទៅ២៥ភាគរយ លើផលិត ផលដែកថែប និង១០ភាគរយលើផលិតផលអាលុយមីញ៉ូម ដែលនាំចូលពីបណ្តាដៃគូពាណិជ្ជកម្មរបស់សហរដ្ឋ អាមេរិក នៅជុំវិញពិភពលោក ក្រោមហេតុផលបញ្ហាសន្តិសុខជាតិ៕

You might also like More from author