កូរ៉េខាងត្បូង យល់ព្រម​ដឹក​សំរាម​ដែល​ខ្លួន​យក​មក​ចាក់ចោល​នៅ​ហ្វីលីពីន ត្រឡប់​ទៅវិញ

(ម៉ានីល)៖ ក្រសួងហិរញ្ញវត្ថុហ្វីលីពីន នៅថ្ងៃពុធនេះបានឱ្យដឹងថា រដ្ឋាភិបាលកូរ៉េខាងត្បូងបានប្ដេជ្ញាចិត្តយកសំរាមជាង ៥,១៧៦តោន ដែលខ្លួនយកមកចាក់ចោលនៅឯខេត្ត Misamis Oriental នៃភាគខាងត្បូងប្រទេសហ្វីលីពីន កាលពីឆ្នាំ២០១៨។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃពុធ ទី២២ ខែឧសភា ឆ្នាំ២០១៩។

យោងតាមក្រសួងហិរញ្ញវត្ថុហ្វីលីពីន សំរាមរាប់តោនខាងលើក្នុងនោះមានទាំងប្លាស្ទិច ត្រូវបានដឹកពីកូរ៉េខាងត្បូងមកកាន់ខេត្ត Misamis Oriental ដោយក្រុមហ៊ុនមួយមានមូលដ្ឋាននៅក្នុងទីក្រុង Cebu ប្រទេសហ្វីលីពីន កាលពីខែកក្កដា និងខែតុលា ឆ្នាំ២០១៨។ សំរាមទាំងនេះបច្ចុប្បន្នកំពុងស្ដុកនៅរោងចក្រ PHIVIDEC នៃខេត្ត Misamis Oriental។

គួរបញ្ជាក់ថា បច្ចុប្បន្នហ្វីលីពីនក៏កំពុងមានបញ្ហាសំរាមជាមួយកាណាដាផងដែរ ហើយដោយសារតែរឿងនេះ ទីក្រុងម៉ានីលបានកោះហៅអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំកាណាដាមកស្រុកវិញ រហូតដល់រដ្ឋាភិបាលទីក្រុង Ottawa យល់ព្រមយកសំរាមដែលខ្លួនដឹកមកចាក់ចោលនៅហ្វីលីពីន ពីឆ្នាំ២០១៣ ដល់ ឆ្នាំ២០១៤ ត្រឡប់ទៅវិញ៕

You might also like More from author