អាកាសចរណ៍ធំៗ​នៅចិន កំពុងព្យាយាមទារ​សំណងពី Boeing សម្រាប់​ការ​ខាតបង់ ព្រោះ​ការបញ្ឈរ​ជើង​យន្តហោះ 737 MAX

(ប៉េកាំង)៖ ក្រុមហ៊ុនអាកាសចរណ៍ធំៗ ក្នុងប្រទេសចិន រួមមាន Air China, China Southern Airlines, និង China Eastern Airlines បានឲ្យដឹងថា ពួកគេកំពុងព្យាយាមទាមទារសំណងពីក្រុមហ៊ុនផលិតយន្តហោះអាមេរិក Boeing សម្រាប់ការខាតបង់ ដែលបណ្តាលមកពីការផ្អាកប្រតិបត្តិការត្រូកូលយន្តហោះ 737 MAX ក្រោយមានហេតុការណ៍ធ្លាក់យន្តហោះស៊េរីថ្មីនេះ យ៉ាងប្រល័យដល់ទៅពីរករណី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានចិន CGTN នៅល្ងាចថ្ងៃពុធ ទី២២ ខែឧសភា ឆ្នាំ២០១៩។

អាកាសចរណ៍ធំៗទាំង០៣ខាងលើ កាលពីឆ្នាំ២០១៨ ទទួលបន្ទុកដឹកជញ្ជូនអ្នកដំណើរប្រមាណជា៦៥ភាគរយ នៃអ្នកដំណើរតាមជើងយន្តហោះទាំងអស់ នៅក្នុងប្រទេសចិនទាំងមូល ហើយសរុបចូលគ្នា អាកាសចរណ៍ Air China, China Southern Airlines, និង China Eastern Airlines មានយន្តហោះ Boeing 737 MAX ចំនួន៥៣គ្រឿង ក្នុងចំណោម 737 MAX ទាំង៩៦គ្រឿង ដែលកំពុងផ្អាកប្រតិបត្តិការនៅចិន។

គួរជម្រាបថា ចិនគឺជាប្រទេសដំបូងគេបង្អស់ ដែលបានផ្អាប្រតិបត្តិការហោះហើរនៃយន្តហោះ Boeing 737 MAX ទាំងអស់ ក្រោយកើតមានការធ្លាក់យន្តហោះនេះ នៅប្រទេសអេត្យូពី កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ ដែលបានផ្តាច់ជីវិតមនុស្ស១៥៧នាក់។ រីឯកាលពីខែតុលា ឆ្នាំ២០១៨ យន្តហោះ 737 MAX មួយគ្រឿងទៀត របស់អាកាសចរណ៍ឥណ្ឌូណេស៊ី Lion Air បានធ្លាក់ចូលទៅក្នុងសមុទ្រជ្វា អំឡុងជើងហោះហើរក្នុងស្រុកមួយ ក្រោយហោះឡើងបានប៉ុន្មាននាទីប៉ុណ្ណោះ។ ជាលទ្ធផលមនុស្ស១៨៩នាក់ ក៏បានបាត់បង់ជីវិត៕

You might also like More from author