អាមេរិក​សំណើ​ជា​ផ្លូវការ​ទៅ​អង់គ្លេស សុំឲ្យ​មាន​ការធ្វើ​បត្យាប័ន​មេវែប​សាយ WikikLeaks

(វ៉ាស៊ីនតោន)៖ ក្រសួងយុត្តិធម៌អាមេរិកបានផ្ញើសំណើជាផ្លូវការមួយ ទៅកាន់អាជ្ញាធរអង់គ្លេស សម្រាប់ការធ្វើ បត្យាប័ននាំខ្លួនមេវែបសាយបញ្ចេញព័ត៌មានសម្ងាត់ WikiLeaks គឺលោក ជូលៀន អាស្សាង (Julian Assange) មកកាត់ទោសនៅសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីកាសែត The Washington Post នៅរសៀលថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ២០១៩។

បើតាមប្រភពពីមន្រ្តីរដ្ឋាភិបាលអាមេរិក ដែលកាសែត The Washington Post ទទួលបាន សំណើនោះត្រូវបាន ផ្ញើទៅអាជ្ញាធរអង់គ្លេស កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។ យោងតាមសន្ធិសញ្ញាមួយរវាងប្រទេសទាំងពីរ សំណើសុំធ្វើបត្យាប័នណាមួយ ត្រូវតែធ្វើឡើងក្នុងអំឡុងពេល ៦០ថ្ងៃ ក្រោយការចាប់ខ្លួនជនសង្ស័យ ខណៈលោក Assange ត្រូវបានគេចាប់ខ្លួនកាលពីថ្ងៃទី ១១ ខែមេសា នៅឯស្ថានទូតអេក្វាឌ័រប្រចាំទីក្រុងឡុងដ៍។ នៅថ្ងៃសុក្រសប្តាហ៍នេះ តុលាការក្នុងទីក្រុងឡុងដ៍នឹងត្រូវបើកសវនាការជាលើកដំបូង ពាក់ព័ន្ធនឹងសំណើសុំធ្វើ បត្យាប័នលោក Assange មកកាន់សហរដ្ឋអាមេរិក។

គួរជម្រាបថា បច្ចុប្បន្នលោក Assange កំពុងជាប់ឃុំដែលអាចអូសបន្លាយរយៈពេល ៥០សប្តាហ៍ ក្នុងពន្ធនាគារ មួយនៅឯទីក្រុងឡុងដ៍ ដោយសារតែលោកបានរំលោភលើលក្ខខណ្ឌសុំនៅក្រៅឃុំ កាលពីឆ្នាំ២០១២ នៅពេល ដែលលោកបានចូលទៅជ្រកកោន ក្នុងស្ថានទូតអេក្វាឌ័រ ប្រចាំទីក្រុងឡុងដ៍ ដើម្បីគេចវេសពីការធ្វើបន្យាប័នទៅ ស៊ុយអែត ជុំវិញបទចោទប្រកាន់ទង្វើរំលោភផ្លូវភេទ៕

You might also like More from author