កូរ៉េ​ខាងជើង​មាន​កន្លែង​ប្រហារ​ជីវិត​មនុស្ស​ជា​សាធារណៈ​ចំនួន ៣១៨​កន្លែង, នេះ​បើ​តាម​អង្គការ​មួយ​នៅ​កូរ៉េ​ខាងត្បូង​បាន​ឱ្យដឹង

(សេអ៊ូល)៖ អង្គការក្រៅរដ្ឋាភិបាលមួយក្នុងប្រទេសកូរ៉េខាងត្បូងបានឱ្យដឹងថា រដ្ឋាភិបាលកូរ៉េខាងជើងបានប្រើ ប្រាស់ទីតាំងចំនួន ៣១៨ ជាកន្លែងកាត់ទោសប្រហារជីវិតមនុស្ស ជាសាធារណៈតែ។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ២០១៩។

អង្គការ Transitional Justice Working Group ធ្វើការអះអាងខាងលើ ដោយផ្អែកលើរបាយការណ៍របស់ខ្លួន ចេញផ្សាយនៅថ្ងៃអង្គារនេះ តាមរយៈការសម្ភាសន៍ជាមួយប្រជាជនកូរ៉េខាងជើងចំនួន ៦១០នាក់ ដែលកំពុង រស់នៅជ្រកកោន នៅក្នុងប្រទេសកូរ៉េខាងត្បូង។ របាយការណ៍ដដែលក៏បានបញ្ជាក់ទៀតដែរថា រាប់ចាប់ពីបទ លើ្មសលួចគោក្របី រហូតដល់ការមើលកម្មវិធីផ្សាយនានា របស់ទូរទស្សន៍កូរ៉េខាងត្បូង សុទ្ធតែអាចប្រឈមមុខ នឹង ទោសប្រហារជីវិត។ រឹតតែគួរឲ្យព្រឺព្រួចជាងនេះទៅទៀតនោះ គឺការប្រហារជីវិតត្រូវតែធ្វើឡើងនៅ ចំពោះ មុខមនុស្សយ៉ាងហោចណាស់ ១,០០០នាក់ ឬច្រើនជាងនេះ នៅតាមទីតាំងសាធារណៈដូចជា ក្បែរទឹកទន្លេ វាលស្រែ ទីផ្សារ សាលារៀន ឬទីលានកីឡាជាដើម។

គួរបញ្ជាក់ថា ចាប់តាំងពីលោក គីម ជុងអ៊ុន ឡើងកាន់អំណាចចាប់តាំងពីឆ្នាំ២០១១ មក សេចក្ដីរាយការណ៍ពីការ កាត់ទោសប្រហារជីវិតមនុស្សមានឈ្មោះល្បី ឬមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង កើតមានឡើងជាបន្តបន្ទាប់។ ជាក់ស្ដែងកាលពីឆ្នាំ២០១៣ ពូបង្កើតម្នាក់របស់លោក គីម ជុងអ៊ុន ត្រូវបានសារព័ត៌មានជាច្រើនចុះផ្សាយថា ត្រូវបានគេកាត់ទោសប្រហារជីវិតពីបទក្បត់ជាតិ។

យ៉ាងណាក៏ដោយ របាយការណ៍ទាំងឡាយពាក់ព័ន្ធនឹងស្ថានភាពនានានៅក្នុងប្រទេសកូរ៉េខាងជើង គឺមានការពិបាកណាស់ក្នុងការបញ្ជាក់ថា វាជាការពិត ឬមិនពិត។ ជាឧទាហរណ៍ កាលពីឆ្នាំ២០១៣ សារព័ត៌មានកូរ៉េខាងត្បូងនាំគ្នាចុះផ្សាយព្រោងព្រាតថា តារាចម្រៀងស្រីដ៏ល្បីម្នាក់របស់កូរ៉េខាងជើង ឈ្មោះ យុន សុងវូល (Hyon Song-wol) ត្រូវបានរបបដឹកនាំទីក្រុងព្យុងយ៉ាង កាត់ទោសប្រហារជីវិតដោយបាញ់ នឹងកាំភ្លើងស្វ័យប្រវត្តិ។ ប៉ុន្តែតារាចម្រៀងរូបនេះស្រាប់តែបង្ហាញខ្លួនជាសាធារណៈនៅឆ្នាំ២០១៨ ក្នុងនាមជា សមាជិកប្រតិភូម្នាក់ ដែលបំពេញទស្សនកិច្ចនៅទីក្រុងសេអ៊ូល មុននឹងការរៀបចំកីឡាអូឡាំពិករដូវរងារទៅ វិញ៕

You might also like More from author