ទីបំផុត​រកឃើញ​បំណែក​យន្តហោះ​យោធា​ឥណ្ឌា AN-32 ដែល​ធ្លាក់​កាលពី​ជាង​មួយ​សប្តាហ៍​មុន ដោយ​មាន​ដឹក​មនុស្ស ១៣នាក់

(ញូដេលី)៖ ក្រោយការខិតខំស្វែងរកអស់រយៈពេលជាច្រើនថ្ងៃ ទីបំផុតកងទ័ពឥណ្ឌាបានប្រកាសថា យន្តហោះយោធាដឹកជញ្ជូន​​ធុន AN-32 ដែលធ្លាក់កាលពីជាងមួយសប្តាហ៍មុន ត្រូវបានគេរកឃើញបំណែករបស់វាហើយ។ នេះយោងតាមការដកស្រង់ការ​ផ្សាយ​​ចេញពីសារព័ត៌​មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ២០១៩។

យន្តហោះខាងលើត្រូវបានប្រទះឃើញក្នុងតំបន់មួយនៃរដ្ឋ Arunachal Pradesh នៅរយៈកម្ពស់ប្រមាណ៣,៦០០ម៉ែត្រ ដោយ​ឧទ្ធម្ភាគចក្រធុន Mi-17 របស់ទ័ពអាកាសឥណ្ឌា ដែលកំពុងតែធ្វើការរុករកកន្លែងវាធ្លាក់។ ការរកឃើញនេះ កើតមានឡើងនៅ​ថ្ងៃទី០៨ បន្ទាប់ពីយន្តហោះប្រភេទដឹកជញ្ជូន AN-32 មួយគ្រឿងនោះ ដែលមានផ្ទុកមនុស្ស១៣នាក់ បានបាត់ចេញពីប្រព័ន្ធរ៉ាដា​។

គួរជម្រាបថា កាលពីថ្ងៃទី០៣ ខែមិថុនានេះ យន្តហោះខាងលើ បានចេញដំណើរពីរដ្ឋ Jorhat ដើម្បីឆ្ពោះទៅកាន់រដ្ឋ Arunachal Pradesh ដែលនៅក្បែរគ្នា ហើយត្រូវចុះចត​នៅព្រលានយន្តហោះយោធាមួយកន្លែង នៅក្បែរភូមិឈ្មោះថា Mechuka នា​មួយ​​ម៉ោង​ក្រោយ ប៉ុន្តែការ​​ទាក់ទងជាមួយយន្តហោះក៏ស្រាប់បានដាច់ ដែលជាហេតុនាំឲ្យមានការចេញប្រតិបត្តិការ​រុករកទ្រង់​ទ្រាយ​ធំភ្លាមៗនាពេលនោះ៕

You might also like More from author