មនុស្ស ​​១៦​នាក់​ស្លាប់ និង​១២​នាក់​បាត់​ខ្លួន ដោយ​សារ​គ្រោះ​ទឹក​ជំនន់​បង្ក​ឡើង​ពី​ភ្លៀង​ធ្លាក់​ខ្លាំង នៅ​ភាគ​ខាង​ត្បូង

(ប៉េកាំង)៖ មនុស្សយ៉ាងតិច១៦នាក់បានបាត់បង់ជីវិត និង១២នាក់ទៀតបានបាត់ខ្លួន បន្ទាប់ពីការធ្លាក់ភ្លៀង យ៉ាងខ្លាំងក្លា បានបង្ក ជាគ្រោះទឹកជំនន់ នៅឯតំបន់ភាគខាងត្បូងប្រទេសចិន។ នេះបើតាមការដកស្រង់ការ ផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ២០១៩។

នៅតំបន់ស្វយ័ត Guangxi Zhuang ការបន្តធ្លាក់ភ្លៀងជាច្រើនថ្ងៃជាប់ៗគ្នា បានបង្កជាគ្រោះទឹកជំនន់ នៅតាម ទីក្រុងចំនួន០៦ និងសង្កាត់ចំនួន៣២ ដោយបានផ្តាច់ជីវិតមនុស្ស០៩នាក់ និងបង្កឲ្យ១១នាក់បាត់ខ្លួន ព្រមទាំង ជះផលប៉ះពាល់ដល់មនុស្សជាង ៣៦០,០០០នាក់ទៀត។ ទឹកជំនន់ ទាំងនោះ ក៏បានបង្កការបំផ្លិចបំផ្លាញចំពោះ លំនៅឋានជាង១,៣០០ខ្នង និងបង្ខំឲ្យមនុស្ស ជិត ១៧,០០០នាក់ជម្លៀសខ្លួនផងដែរ។

គួរជម្រាបថា ចំណែកឯនៅខេត្ត Guangdong ដែលនៅក្បែរគ្នាវិញ មនុស្ស០៧នាក់បានស្លាប់ និងម្នាក់បាត់ខ្លួន ខណៈផ្លូវថ្នល់ និងលំនៅឋានជាច្រើននៅទីនោះ សុទ្ធតែបានទទួលរងការបំផ្លិចបំផ្លាញ ពីគ្រោះទឹកជំនន់ដែល កើតឡើងពីភ្លៀងធ្លាក់ខ្លាំង៕

You might also like More from author