ប្រទេស​ចិន និង​ឥណ្ឌា​គួរតែ​សាមគ្គី​គ្នា ដើម្បី​ប្រឆាំង​នយោបាយ​ឯកតោភាគី និង​គាំពារ​និយម​របស់​សហរដ្ឋ​អាមេរិក

(ប៉េកាំង)៖ ចិនកំពុងស្វែងរកសម្ព័ន្ធមិត្ត និងដៃគូពាណិជ្ជកម្មថ្មី ដោយសារតែជម្លោះពាណិជ្ជកម្មរុំារ៉ៃ ជាមួយ សហរដ្ឋអាមេរិក ខណៈភាគីជម្លោះទាំងពីរ បាននិងកំពុងត្រៀមដំឡើងពន្ធរាប់ពាន់លានដុល្លារ លើមុខទំនិញជា ច្រើនដាក់គ្នាទៅវិញទៅមក និងពិបាករកដំណោះស្រាយបំផុតក្នុងការបញ្ចប់សង្គ្រាម។ នេះបើតាមការចេញ ផ្សាយដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០១៩។

ស្របពេលដែលប្រទេសចិន និងឥណ្ឌា សុទ្ធតែកំពុងមានវិវាទពាណិជ្ជម្មជាមួយសហរដ្ឋអាមេរិក ទីក្រុងប៉េកាំង បានស្នើឱ្យមានសាមគ្គីភាព ជាមួយរដ្ឋាភិបាលទីក្រុងញូដេលី ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនឹងគោល នយោបាយឯកតោភាគី និងបែបគាំពារនិយម ដែលទីក្រុងវ៉ាស៊ីនតោនកំពុងប្រើប្រាស់ ក្នុងការដាក់សម្ពាធលើ ប្រទេសដទៃចាប់តាំងពីលោក ដូណាល់ ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក កាលពីចុងឆ្នាំ២០១៦ មកដល់បច្ចុប្បន្ន។

ដោយឡែកជុំវិញបញ្ហានេះដែរ ឧបនាយករដ្ឋមន្ត្រីចិនលោក ចាង ហានហ៊ុយ (Zhang Hanhui) បាននិយាយថា ខណៈឥណ្ឌា និងចិនសុទ្ធតែកំពុងទទួលរងសម្ពាធពីសហរដ្ឋអាមេរិក ប្រទេសទាំងពីរគួរតែផ្ដើមបើកកិច្ចចរចាជា មួយគ្នា ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី ក៏ដូចជាប្រយុទ្ធប្រឆាំងនឹងគោលនយោបាយឯកតោភាគី និងគាំពារ និយម ដែលសហរដ្ឋអាមេរិកកំពុងអនុវត្តន៍។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារកន្លងទៅ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានព្រមានជាថ្មី ទីក្រុងវ៉ាស៊ីន តោនបានត្រៀមខ្លួនរួចជាស្រេច ក្នុងការដំឡើងពន្ធបន្ថែមលើផលិតផលនាំចូលពីចិន នៅក្រោយកិច្ចប្រជុំ G20 នៅក្នុងប្រទេសជប៉ុននៅចុងខែមិថុនា ក្នុងករណីដែលកិច្ចចរចាជាមួយចិន គ្មានភាពរីកចម្រើនទៅមុខ។ ប៉ុន្តែទីក្រុងប៉េកាំង ក៏បានប្រកាសដែរថា ខ្លួននឹងចាត់វិធានការសងសឹកជាការឆ្លើយតប បើអាមេរិកដំឡើងពន្ធលើ ទំនិញចិន។

ដោយឡែកងាកទៅកាន់ប្រទេសឥណ្ឌាវិញ កាលពីសប្តាហ៍មុននេះសហរដ្ឋអាមេរិក បានប្រកាសថា ការអនុគ្រោះពន្ធកន្លងមកលើទំនិញពីឥណ្ឌា ដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចលេខ ៣ ប្រចាំតំបន់អាស៊ី និងលេខ ៦ នៅលើពិភពលោកនោះ នឹងលែងមានទៀតហើយ។ ប្រការនេះ បាននាំឲ្យឥណ្ឌាមានការព្រួយបារម្ភ យ៉ាងខ្លាំង ចំពោះផលប៉ះពាល់ដល់សេដ្ឋកិច្ច ខណៈក្នុងចំណោមប្រជាជនឥណ្ឌាទាំងអស់ ១.៣៤ពាន់លាននាក់ (តួលេខឆ្នាំ២០១៧) ជាង ២០០លាននាក់កំពុងស្ថិតនៅក្នុងជីវភាពភាពក្រីក្រខ្លាំងនៅឡើយ៕

You might also like More from author