ទីក្រុង​ហុងកុង​ សម្រេច​ផ្អាក​ការ​ជជែក​ដេញ​ដោល​ជុំទី២ ស្តីអំពីការ​អនុម័ត​ច្បាប់​ធ្វើ​បត្យាប័ន ដោយ​សារតែ​បាតុកម្ម​កើន​ឡើង

(ហុងកុង)៖ រដ្ឋាភិបាលទីក្រុងហុងកុងបានសម្រេចចិត្ត ផ្អាកជាបណ្ដោះអាសន្ននៅថ្ងៃពុធនេះ នូវការជជែកដេញ ដោលជុំទី ២ ស្ដីពីការអនុម័តច្បាប់ធ្វើបត្យាប័ន ដែលនឹងអនុញ្ញាតឱ្យក្នុងការបញ្ជូនជនសង្ស័យ (ប្រព្រឹត្តបទ ល្មើស) ពីទីក្រុងហុងកុងទៅកាន់ចិនដីគោក ដោយសារការធ្វើបាតុកម្មកាន់តែរីកធំឡើង។ នេះបើតាមការចេញ ផ្សាយដោយ សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០១៩។

ការសម្រេចចិត្តខាងលើរបស់រដ្ឋាភិបាលទីក្រុងហុងកុង ធ្វើឡើងនៅចំពេលដែលក្រុមបាតុកររាប់ពាន់នាក់ បានប្រមូលផ្ដុំគ្នាជាថ្មី ដើម្បីតវ៉ាប្រឆាំងនឹងការអនុម័ត ច្បាប់ធ្វើបត្យាប័ននេះ។ ចំណែកឯប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងស្រុកក៏បានបង្ហោះរូបភាពក្រុមបាតុករផងដែរ ដោយបង្ហាញពីសកម្មភាពរបស់ពួកគេ នាំគ្នាដើរជាក្បួន ដង្ហែរលើដងផ្លូវ ឆ្ពោះទៅកាន់ការិយាល័យនាយកប្រតិបត្តិក្រុងហុងកុង លោកស្រី ខារី ឡាំ (Carrie Lam) ដែល បានប្ដេជ្ញាចិត្តអនុម័តច្បាប់ធ្វើបត្យាប័ននេះ ឱ្យទាល់តែបាន។

បន្ថែមពីលើនេះ បើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក ក្រុមបាតុករមួយចំនួនក៏បានប៉ះទង្គិចគ្នាជាមួយប៉ូលិស ផងដែរ នៅព្រឹកថ្ងៃពុធនេះ និងខ្លះទៀតបានរំលងរបាំងការពារ ហើយថែមទាំងមិនស្ដាប់ការព្រមានរបស់ប៉ូលិស ទៀតផង។

គួរបញ្ជាក់ថា កងកម្លាំងប៉ូលិសសរុប ៥,០០០នាក់ ត្រូវបានដាក់ពង្រាយដើម្បីថែរក្សាសណ្ដាប់ធ្នាប់ រីឯក្រុមនិស្សិត នៅតាមសាកលវិទ្យាល័យជាច្រើន គ្រោងនឹងចូលរួមនៅក្នុងបាតុកម្ម ប្រឆាំងនឹងធ្វើច្បាប់ធ្វើបត្យាប័ន ដែលត្រូវ បានគេមើលឃើញអាចនឹងមានទ្រង់ទ្រាយធំ ប្រហាក់ប្រហែលនឹងបាតុកម្មរតវ៉ារបស់ក្រុមអ្នកគាំទ្រលទ្ធិ ប្រជាធិបតេយ្យ នៅក្នុងទីក្រុងហុងកុងកាលពីឆ្នាំ២០១៤ ផងដែរ៕

You might also like More from author