វៀតណាម​ស្នើឲ្យ​ដកការ​ផ្សាយ​ពាណិជ្ជ​កម្ម​លើ YouTube ចំពោះ​វីដេអូ​ណា​ដែល​មាន​អត្ថន័យ​ប្រឆាំង​រដ្ឋាភិបាល

(ហាណូយ)៖ ក្រុមហ៊ុននៅក្នុងស្រុក និងបរទេសជាច្រើននៅក្នុងប្រទេសវៀតណាម ត្រូវបានគេស្នើលុបចោលការ ផ្សព្វផ្សាយពាណិជ្ជកម្មរបស់ពួកគេ ចេញពីបណ្តាវីដេអូឃ្លីប ទាំងឡាយណាដែលមានបង្កប់អត្ថន័យរិះគន់ ឬប្រឆាំងនឹងរដ្ឋអំណាចនៅលើបណ្តាញទំនាក់ទំនង YouTube។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយវៀតណាម ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០១៩។

យោងតាមប្រព័ន្ធផ្សព្វផ្សាយវៀតណាម សំណើខាងលើត្រូវបានធ្វើឡើង ដោយអាជ្ញាធរគ្រប់គ្រងប្រព័ន្ធផ្សព្វ ផ្សាយ និងព័ត៌មានអេឡិចត្រូនិក នៃក្រសួងព័ត៌មាន និងទូរគមនាគមន៍វៀតណាម បន្ទាប់ពីអាជ្ញាធររកឃើញថា វីដេអូមួយចំនួនដែលមានលោតវីដេអូ ឬផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម មានបង្កប់អត្ថន័យប្រឆាំង និងរិះគន់រដ្ឋ អំណាចទីក្រុងហាណូយ។

មិនតែប៉ុណ្ណោះអាជ្ញាធរវៀតណាមក៏បានរកឃើញដែរថា មានអ្នកប្រើប្រាស់ខ្លះបានទិញការផ្សព្វផ្សាយដោយ ផ្ទាល់ពី YouTube និង Google ដោយគ្មានជូនដំណឹងដល់អាជ្ញាធរពាក់ព័ន្ធថែមទៀត។ បើតាមក្រសួងព័ត៌មាន វៀតណាម វីដេអូឃ្លីបជាង ៥៥,០០០ នៅលើ YouTube គឺជាវីដេអូដែលត្រូវ បានគេបង្ហោះដោយរំលោភបំពាន លើច្បាប់វៀតណាម ហើយក្នុងនោះមានវីដេអូជិត ៨,០០០ឃ្លីបត្រូវបានលុបចោលដោយអាជ្ញាធរ៕

You might also like More from author