លោក គីម ជុងអ៊ុន បញ្ជូន​ប្អូន​ស្រីទៅ​តំបន់​ព្រំដែន​គ្មាន​កងទ័ព ដើម្បី​គោរព​វិញ្ញាណ​ក្ខន្ធ​​អតីត​ស្ត្រីទីមួយ​កូរ៉េ​ខាងត្បូង

(សេអ៊ូល)៖ ប្អូនស្រីមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន គឺអ្នកនាង គីម យ៉ូចុង (Kim Yo Jong) នឹងបំពេញ ដំណើរទស្សនកិច្ចមួយទៅកាន់តំបន់ព្រំដែនគ្មានយោធារវាងប្រទេសទាំងកូរ៉េទាំងពីរ ដើម្បីចូលរួមគោរពវិញ្ញាណ ក្ខន្ធអតីតជំទាវទីមួយកូរ៉េខាងត្បូង លោកស្រី លី ហ៊ីហូ (Lee Hee-ho) ដែលទើបទទួលមរណភាព។ នេះបើតាម ប្រភពពីក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០១៩។

ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូងបានឱ្យដឹងទៀតថា អ្នកនាង គីម យ៉ូចុង នឹងធ្វើដំណើរដល់ភូមិ ផាន់ម៉ុនចុម (Panmunjom) នៅល្ងាចថ្ងៃពុធនេះ ហើយអ្នកនាងក៏ត្រូវបានគេរំពឹងថា នឹងជួបពិភាក្សាជាមួយក្រុមមន្ត្រីកូរ៉េ ខាងត្បូងផងដែរ។

គួរជម្រាបថា លោកស្រី លី ហ៊ីហូ ដែលជាភរិយាអតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក គីម ដេជុង (Kim Dae-jung) បានទទួលមរណភាពកាលពីថ្ងៃចន្ទកន្លងទៅក្នុងជន្មាយុ ៩៦ឆ្នាំ។ លោក គីម ដេជុង គឺជាប្រធានាធិបតី កូរ៉េខាងត្បូងដំបូងគេ ដែលបានជួបជាមួយអតីតមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ីល កាលពីឆ្នាំ២០០០ មុននឹងលោកទទួលមរណភាពនៅឆ្នាំ២០០៩។ ដោយឡែកកាលពីចុងឆ្នាំ២០១១ ក្រោយពេលលោក គីម ជុងអ៊ីល ទទួលមរណភាព លោកស្រី លី និងក្រុមគ្រួសារគឺជាប្រតិភូតំណាងកូរ៉េខាងត្បូងតែមួយគត់ ដែលបាន ចូលទៅសម្តែងមរណទុក្ខដល់រដ្ឋធានីព្យុងយ៉ាង ទាំងដែលលោកស្រីកាលណោះមានសុខភាពទ្រុឌទ្រោមខ្លាំង ណាស់ទៅហើយ៕

You might also like More from author