Huawei ទាមទារ​សំណង​ជាង ១ពាន់​លានដុល្លារ ពី​​​ក្រុមហ៊ុន​អាមេរិក Verizon ពាក់ព័ន្ធ​អាជ្ញាប័ណ្ណ​ប៉ាតង់​ជាង ២៣០

(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនទូរគមនាគមន៍ និងបច្ចេកវិទ្យាចិន Huawei បានទាមទារឲ្យក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំរបស់អាមេរិក គឺ Verizon (Verizon Communications Inc) បង់ថ្លៃសេវាចុះអាជ្ញាប័ណ្ណប៉ាតង់ចំនួន ២៣០ ទៅលើឧបករណ៍ផ្តល់សេវាទូរគមនាគមន៍ចិន ដែលមានតម្លៃស្មើនឹងជាង ១ពាន់លានដុល្លារអាមេរិក។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន Reuters នាល្ងាចថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនា ឆ្នាំ២០១៩។

តាមពិតទៅការចាប់ផ្តើមទាមទាររបស់ក្រុមហ៊ុន Huawei ទៅកាន់ក្រុមហ៊ុន Verizon ខាងលើនេះ ត្រូវបានធ្វើឡើងតាំងតែពីខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅនេះម្ល៉េះ ប៉ុន្តែកាសែតសហរដ្ឋអាមេរិក the Wall Street Journal ទើបតែបានចេញផ្សាយកាលពីពេលថ្មីៗនេះ ក្រោយពីអាមេរិកបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិន Huawei ដែលបាននិងកំពុងបង្កឲ្យមានភាពរង្គោះរង្គើរជាខ្លាំង នៅក្នុងពិភពបច្ចេកវិទ្យាទូរស័ព្ទ និងទូរគមនាគមន៍នៅទូទាំងសកលលោក។

ប្រភពខាងលើបានបន្តទៀតថា ប៉ាតង់នេះគ្របដណ្តប់លើឧបករណ៍បណ្តាញសម្រាប់ ភ្នាក់ងារចែកចាយលក់បន្តជាង ២០ របស់ក្រុមហ៊ុន Verizon ដោយក្នុងនោះរួមទាំងក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកធំៗមួយចំនួនផងដែរ ប៉ុន្តែក្រុមចែកចាយលក់ទាំងនោះ នឹងសងបំណុលជួសក្រុមហ៊ុន Verizon។ បន្ថែមពីនេះក្រុមហ៊ុន Huawei ក៏បានទាក់ទងដោយផ្ទាល់ ទៅកាន់ក្រុមហ៊ុនមួយចំនួនខាងលើនេះរួចហើយដែរ ជុំវិញប្រាក់ថ្លៃសេវាអាជ្ញាប័ណ្ណប៉ាតង់នេះ។

គួរបញ្ជាក់ថា អាជ្ញាប័ណ្ណប៉ាតង់គឺជាស្នូលដ៏សំខាន់បំផុត នៃឧបករណ៍ផ្គត់ផ្គង់បណ្តាញ ហេដ្ឋារចនាសម្ព័ន្ធនៃខ្សែអេឡិចត្រូនិក សម្រាប់បម្រើឲ្យឧបករណ៍ទាំងឡាយ ដែលប្រើប្រាស់សេវាអ៊ីនធឺណែត។ តម្លៃសេវាសម្រាប់ការចុះអាជ្ញាប័ណ្ណប៉ាតង់ប្រមាណជាង ២៣០ ខាងលើនេះគឺប្រមាណជាង ១ពាន់លានដុល្លារអាមេរិកឯណោះ។

ជុំវិញបញ្ហាខាងលើនេះដែរ កាលពីសប្តាហ៍មុនក្រុមអ្នកតំណាងក្រុមហ៊ុន Huawei និង Verizon បានជួបប្រជុំគ្នានៅទីក្រុងញូវយ៉ក ដើម្បីពិភាក្សាអំពីបញ្ហាសិទ្ធិប៉ាតង់មួយចំនួន ដែលកំពុងមានបញ្ហានិងស្វែងយល់ថា តើក្រុមហ៊ុន Verizon កំពុងប្រើឧបករណ៍ពីក្រុមហ៊ុនដទៃ ដែលអាចរំលោភលើប៉ាតង់របស់ក្រុមហ៊ុន Huawei ដែរឬយ៉ាណា។ ឆ្លើយតបបញ្ហានេះតំណាង មួយរូបរបស់ Verizon គឺលោក Rich Young បានបដិសេធក្នុងការអត្ថាធិប្បាយ ព្រោះវាអាចឈានដល់ការដោះស្រាយតាមផ្លូវច្បាប់៕

You might also like More from author