ទីបំផុត​ក្រុម​ហ៊ុន Boeing ចេញ​មុខ​សុំទោស​ជា​សធារណៈ​ចំពោះ​ករណី​ធ្លាក់​យន្តហោះ 737 MAX នៅ​ឥណ្ឌូណេស៊ី និង​អេត្យូពី ដែល​បាន​ផ្តាច់​ជីវិត​មនុស្ស​៣៤៦​នាក់

(ប៉ារីស)៖ អគ្គនាយករងក្រុមហ៊ុនផលិតយន្តហោះអាមេរិក Boeing គឺលោក រ៉េនឌី ទិនសេត (Randy Tinseth) បានសម្តែងការសូមអភ័យទោសយ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុនអាកាសចរណ៍នៅជុំវិញពិភពលោក ព្រមទាំងចំពោះសាច់ញាតិនៃជនរងគ្រោះធ្លាក់យន្តហោះ 737 MAX ទាំងពីរករណី នៅឥណ្ឌូណេស៊ី និងអេត្យូពី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Business Insider នៅរសៀលថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០១៩។

ចំពោះមុខក្រុមអ្នកសារព័ត៌មាន អំឡុងការប្រារព្ធពិព័រណ៍អាកាសចរណ៍ Paris Air Show នៅទីក្រុងប៉ារីសនាថ្ងៃ ចន្ទនេះ លោក Tinseth បាននិយាយដូច្នេះថា «ពួកយើងពិតជាសូមទោសចំពោះការបាត់បង់ជីវិតមនុស្ស នៅក្នុងករណីធ្លាក់យន្តហោះ Lion Air កាលពីខែតុលា ឆ្នាំ២០១៩ និងយន្តហោះ Ethiopian Airlines កាលពីខែមីនា ឆ្នាំ២០១៩ ដោយមនុស្សសរុប ៣៤៦នាក់បានស្លាប់»

លោក Tinseth បានបន្តថា «ខ្ញុំក៏សូមទោសផងដែរសម្រាប់ភាពរាំងស្ទះនានា របស់ក្រុមហ៊ុនអាកាសចរណ៍ នៅជុំវិញពិភពលោក ជុំវិញការត្រូវបញ្ឈរជើងយន្តហោះ 737 MAX ទាំងអស់ និងចំពោះអ្នកដំណើរទាំង ឡាយ» ហើយលោកបានសង្កត់ធ្ងន់ថា Boeing កំពុងប្រឹងប្រែងរៀនសូត្រជាខ្លាំងពីកំហុសឆ្គងកន្លងមក ដើម្បីស្តាការធានាសុវត្ថិភាពឡើងវិញ ប៉ុន្តែលោកមិនប្រាកដថា នៅពេលណាត្រកូលយន្តហោះស៊េរីថ្មីនេះ នឹងអាចហោះហើរជាថ្មីម្តងទៀត។

គួរបញ្ជាក់ថា ពិព័រណ៍អាកាសចរណ៍អន្តរជាតិ នៅទីក្រុងប៉ារីសនៃប្រទេសបារាំង នឹងប្រារព្ធឡើងរហូតដល់ ថ្ងៃទី២៣ ខែមិថុនានេះ ដោយមានបណ្តាក្រុមហ៊ុនធំៗនៅទូទាំងពិភពលោក ចូលរួមបង្ហាញសមិទ្ធផលថ្មីលើ វិស័យឧស្សាហកម្មនេះ។ ជុំវិញព្រឹត្តិការណ៍នេះ Boeing បានក្លាយជាមុខព្រួញសំខាន់ជាងគេ ព្រោះក្រោយហេតុ ការណ៍ធ្លាក់យន្តហោះ 737 MAX ទាំងពីរករណីបានបង្ខំឲ្យយន្តហោះប្រភេទនេះ ត្រូវផ្អាកការធ្វើចរាចរណ៍នៅ ទូទាំងពិភពលោក។

យោងតាមលទ្ធផលស៊ើបអង្កេត មូលហេតុនៅពីក្រោយសោកនាដកម្មធ្លាក់យន្តហោះនេះ គឺបណ្តាលមកពីប្រព័ន្ធ Software បញ្ជាការហោះហើររបស់យន្តហោះ ដែលបានទទួលទិន្នន័យខុស ហើយបង្ខំឲ្យយន្តហោះដាំក្បាល ចុះក្រោម ដោយអាកាសយានិកមិនអាច ដណ្តើមការគ្រប់គ្រងមកវិញបាន។ កន្លងទៅក្រុមហ៊ុន Boeing បានបញ្ជាក់ថា ខ្លួនបានបញ្ចប់ជាស្ថាពរនូវការអាប់ដេត Software នេះ ហើយក៏បានឆ្លងកាត់ការហោះហើរសាក ល្បងអស់ជាច្រើនម៉ោងផងដែរ ប៉ុន្តែពុំទាន់មានតំរុយថា តើពេលណា Boeing 737 MAX នឹងអាចស្គាល់ផ្ទៃអា កាសជាថ្មីម្តងទៀតឡើយ៕

You might also like More from author