អូស្ត្រាលី​ខកចិត្ត​​ជាខ្លាំង​ ចំពោះ​កិច្ចព្រមព្រៀង​សាច់គោ​រវាង​អឺរ៉ុប និង​អាមេរិក ដែល​នឹង​ធ្វើ​ឲ្យ​អូស្ត្រាលី​ខាតបង់

(កង់បេរ៉ា)៖ រដ្ឋមន្ត្រីពាណិជ្ជកម្មអូស្ត្រាលីបានសម្តែងការខកចិត្តជាខ្លាំង ចំពោះកិច្ចព្រមព្រៀងកូតាសាច់គោលរវាងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដែលនឹងធ្វើឲ្យវិស័យនាំចេញសាច់គោអូស្ត្រាលី ជួបប្រទះបញ្ហាធំ។ នេះបើតាមការចេញផ្សាយ​ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃអង្គារ ទី១៨ ខែមិថុនា ឆ្នាំ២០១៩។

លោក ស៊ីម៉ុន ប៊ឺមីងហាំ (Simon Birmingham) រដ្ឋមន្ត្រីពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគអូស្ត្រាលីបានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងពិតជាមានការខកចិត្តខ្លាំងបំផុត ដែលការទាមទាររបស់សហរដ្ឋអាមេរិក បានផ្តល់មកវិញនូវការកាត់បន្ថយកូតា ដែលធ្លាប់ផ្តល់ឲ្យអ្នកផលិតសាច់គោអូស្ត្រាលីយើងទៅវិញ…»។ កូតារបស់សហភាពអឺរ៉ុបនេះ នឹងធ្វើឲ្យបណ្តាអ្នកនាំចេញសាច់គោអូស្ត្រាលីជួបបញ្ហាយ៉ាងខ្លាំង។

គួរបញ្ជាក់ថា ប្រទេសអូស្ត្រាលីនៅមួយរយៈចុងក្រោយនេះ បាននាំចេញសាច់គោល​ទៅកាន់សហភាពអឺរ៉ុបក្នុងចំនួន ១១,០០០តោនជាមធ្យមក្នុងមួយឆ្នាំៗ ដែលមានតម្លៃស្នើនឹងជាង ១០០លានដុល្លារអូស្ត្រាលី ឬ ៦៨.៥លានដុល្លារអាមេរិក ស្ថិតនៅក្នុងចង្កោមកូតាពិសេស ដែលសហភាពអឺរ៉ុបផ្តល់ឲ្យបរទេសសរុប ៤៥,០០០តោន។

ដោយឡែកការផ្តល់កូតាពិសេសដល់អាមេរិក ១៨,៥០០តោនបន្ថែមទៀតក្នុងរយៈពេល ០៧ឆ្នាំនោះ នឹងធ្វើឲ្យសាច់គោពិសេស​របស់សហរដ្ឋអាមេរិក ដែលអាចនាំចូលទៅកាន់សហភាពអឺរ៉ុប​កើនឡើងដល់ ៣៥,០០០តោន ឬស្មើនឹង ៧៧ភាគរយនៃកូតាពិសេសសរុប ៤៥,០០០តោន ដូច្នេះវានឹងធ្វើឲ្យកូតាពិសេសសម្រាប់អូស្ត្រាលី នៅសល់តែ ១០,០០០តោនប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ​រដ្ឋមន្ត្រីពាណិជ្ជកម្ម​អូស្ត្រាលី​បានជម្រុញឲ្យមានការចាប់យលឱកាសនេះ ដើម្បីងើបឡើង​ក្នុងលើកស្ទួយវិស័យនាំចេញ​សាច់គោ ជាការព្យាយាមបង្កើនឱកាសនាំចូលទៅទីផ្សារអឺរ៉ុប និងតំបន់ផ្សេងៗទៀត៕

You might also like More from author