រុស្ស៊ី​នឹង​បង្កើន​មូល​ដ្ឋាន​ឈរ​ជើង​នៅ​ឋាន​ព្រះច័ន្ទ ដោយ​ប្រើប្រាស់​ធនធាន​លើ​ព្រះច័ន្ទ​ផ្ទាល់​តែ​ម្តង

(ម៉ូស្គូ)៖ មូលដ្ឋាននាថ្ងៃអនាគតរបស់រុស្ស៊ីនៅលើឋានព្រះច័ន្ទ នឹងធ្វើប្រតិបត្តិការដោយផ្អែកលើធនធាននៅ ទីនោះស្រាប់ ហើយប្រើប្រាស់នូវអគារលក្ខណៈជា 3D-Print ដែលអាចទ្រទ្រង់ក៏ដូចជាទទួលឲ្យអវកាសយានិកស្នាក់នៅបានច្រើនគ្នា។ នេះបើតាម ការប្រកាសរបស់ទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន RT នៅរសៀលថ្ងៃចន្ទ ទី០៨ ខែកក្កដា ឆ្នាំ២០១៩។

កន្លងមករុស្ស៊ីមិនបានលាក់បាំងពីមហិច្ឆតារបស់ខ្លួន ក្នុងការបង្កើតមូលដ្ឋានមួយនៅលើផ្ទៃព្រះច័ន្ទនោះទេ ប៉ុន្តែពុំមានការបញ្ជាក់ ព័ត៌មានលម្អិតច្រើនទាក់ទងនឹងគម្រោងនេះឡើយ។ កាលពីថ្ងៃអាទិត្យ ទីភ្នាក់ងារអវកាស Roscosmos បានបង្ហើបឲ្យដឹងខ្លះៗអំពីផែនការរបស់ខ្លួនថា ដំណើរការសាងសង់មូលដ្ឋានព្រះច័ន្ទ នឹងចាប់ផ្តើម ក្រោយបេសកកម្មបញ្ជូនអវកាសយានិក ដែលមានរយៈពេលខ្លីៗទៅកាន់ឋានព្រះច័ន្ទ ហើយមូលដ្ឋាននោះ នឹងត្រូវ បង្កើតឡើងព្រមទាំងដំណើរការដោយប្រើប្រាស់ធនធាន ដែលមានក្នុងតំបន់ស្រាប់រួមជាមួយ បច្ចេកវិទ្យា 3D-Printing។

យ៉ាងណាមិញ Roscosmos មិនបានកំណត់កាលបរិច្ឆេទ ជាក់លាក់សម្រាប់គោលដៅនេះឡើយ ប៉ុន្តែបានលើក ឡើងថា វាអាចក្លាយជាការពិតនៅឆ្នាំ២០៤០ ខណៈដែលកាលកំណត់នេះត្រូវបានអង្គការកំណត់យក ដើម្បីកសាងមូលដ្ឋានលើភពអង្គារផងដែរ។

គួរជម្រាបថា ទីភ្នាក់ងារអវកាសរុស្ស៊ី Roscomos បានចូលរួមជាមួយទីភ្នាក់ងារអវកាសរបស់ប្រទេសដទៃៗទៀត រួមមាន NASA ផងដែរ ពាក់ព័ន្ធការអភិវឌ្ឍស្ថានីយអវកាស Gateway នៅក្បែរព្រះច័ន្ទ ដែលនឹងដើរតួនាទីជា កន្លែងមួយសម្រាប់ការចេញ បេសកកម្មចុះទៅលើផ្ទៃព្រះច័ន្ទ និងឆ្ពោះទៅកាន់តំបន់ផ្សេងៗទៀត ហើយក៏អាចឲ្យយានអវកាសចូលចាក់ឥន្ធនៈបន្តបានដែរ៕

You might also like More from author