ឥណ្ឌូណេស៊ី គ្រោង​បញ្ជូន​សំរាម​ប្រមាណ ២១០តោន ត្រឡប់​ទៅកាន់​អូស្រ្តាលី​វិញ

(ហ្សាការតា)៖ ឥណ្ឌូណេស៊ីនាថ្ងៃអង្គារនេះ បានឲ្យដឹងថា ខ្លួននឹងបញ្ជូនសំរាមជាង២១០តោន ត្រឡប់ទៅអូស្រ្តាលីវិញ ស្របពេលដែលប្រទេសនៅអាស៊ីអាគ្នេយ៍ កំពុងព្យាយាមលុបលាងឈ្មោះជាកន្លែងចាក់សំរាមរបស់ប្រទេសដទៃ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានបារាំង AFP នៅល្ងាចថ្ងៃអង្គារ ទី០៩ ខែកក្កដា ឆ្នាំ២០១៩។

បើតាមទីភ្នាក់ងារគយប្រចាំខេត្តជ្វាខាងកើត ក្រោយការត្រួតពិនិត្យកុងតឺណឺចំនួន៩ នៅឯទីក្រុង Surabaya ដែលគួរមានផ្ទុកតែកាកសំណល់ក្រដាសប៉ុណ្ណោះនោះ ក៏ស្រាប់តែរកឃើញមានផ្ទុកសារធាតុគីមីពុល និងសំរាមប្លាស្ទិកជាច្រើនទៀត។ ព្រោះតែហេតុនេះក្រសួងបរិស្ថានឥណ្ឌូណេស៊ី បានផ្តល់អនុសាសន៍ឲ្យបញ្ជូនកុងតឺណឺផ្ទុកសំរាមទាំងអស់នេះត្រឡប់ទៅវិញ បន្ទាប់ពីពួកវាត្រូវបានបញ្ជូនមកពីប្រទេសអូស្រ្តាលី។

កាលពីសប្តាហ៍មុន ឥណ្ឌូណេស៊ីទើបតែបានប្រកាសពីគម្រោងបញ្ជូនសំរាមចំនួន៤៩កុងតឺណឺ ត្រឡប់ទៅកាន់ប្រទេសបារាំង និងប្រទេសអភិវឌ្ឍន៍ឯទៀតៗ។ ចំណែកកាលពីខែឧសភា ម៉ាឡេស៊ី ក៏បានប្រកាសដែរថា ខ្លួននឹងបញ្ជូនកាកសំណល់ប្លាស្ទិកទម្ងន់៤៥០តោន ត្រឡប់ទៅកាន់ប្រទេសដែលជាភពដើមវិញ រួមមានអូស្រ្តាលី បង់ក្លាដែស កាណាដា ចិន ជប៉ុន អារ៉ាប៊ីសាអូឌីត និងសហរដ្ឋអាមេរិក។ រីឯនៅចុងខែមិថុនា កាណាដាក៏ទើបទទួលបានសំរាមជិតជាង ៦០កុងតឺណឺរបស់ខ្លួនវិញ ក្រោយហ្វីលីពីនបានបង្ខំឲ្យដឹកយកទៅវិញជាបន្ទាន់៕

You might also like More from author