រថភ្លើង​បុក​រថភ្លើង​ផ្តាច់​ជីវិត​មនុស្ស​១០​នាក់ និង​របួស​៥០​នាក់

(អ៊ីស្លាម៉ាបាដ)៖ ប្រព័ន្ធផ្សព្វផ្សាយប៉ាគីស្ថានបានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់ ១០នាក់បានស្លាប់ និង៥០នាក់ផ្សេងទៀត រងរបួសនៅក្នុងហេតុការណ៍រថភ្លើងដឹកអ្នកដំណើរ បុកជាមួយរថភ្លើងដឹកទំនិញនៅក្នុង ទីក្រុង រ៉ាហ៊ីម យ៉ាខាន់ (Rahim Yar Khan) នៅព្រឹកថ្ងៃព្រហស្បតិ៍នេះតែម្តង (ម៉ោងនៅប៉ាគីស្ថាន)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០១៩។

រថភ្លើងដឹកអ្នកដំណើរខាងលើ បានធ្វើដំណើរចាកចេញពីទីក្រុងឡាហ័រ (Lahore) ទៅកាន់ទីក្រុងក្វេតតា (Quetta) ប៉ុន្តែតែបុកគ្នាជាមួយរថភ្លើងដឹកទំនិញមួយគ្រឿងផ្សេងទៀតនៅឯស្ថានីយរថភ្លើង ទីក្រុង Rahim Yar Khan នៃខេត្តផាន់ចាប់ (Punjab)។ ចំណែកឯ ក្រុមអ្នកជួយសង្រ្គោះ បានទៅដល់កន្លែងកើតហេតុភ្លាមៗ ហើយបញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យនៅក្នុងតំបន់។

គួរបញ្ជាក់ថា បើតាមមន្ទីពេទ្យនៅក្នុងតំបន់ ចំនួនអ្នកស្លាប់អាចកើនឡើង ពីព្រោះនៅក្នុងចំណោមអ្នករងរបួស មានមនុស្សជាច្រើននាក់របួសធ្ងន់ រីឯមូលហេតុកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត៕

You might also like More from author