ប្រធានា​ធិបតី​កោះ​តៃវ៉ាន់ ចេញ​ដំណើរ​ទៅស​ហរដ្ឋ​អាមេរិក​ហើយ ចំពោះ​មុខ​ក្រសែ​ភ្នែក​របស់​ចិន

(តៃវ៉ាន់)៖ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន (Tsai Ing-wen) បានចេញដំណើរឆ្ពោះទៅទឹកដីសហរដ្ឋ អាមេរិកហើយ នាថ្ងៃព្រហស្បតិ៍នេះ ចំពោះមុខការមិនពេញចិត្តពីសំណាក់ទីក្រុងប៉េកាំង ដែលចាត់ទុកទង្វើនេះ ថា ជាការរំលោភលើគោលនយោបាយចិនតែមួយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០១៩។

បើតាមកាលវិភាគធ្វើដំណើរ លោកស្រី Tsai នឹងចំណាយពេលសរុប ០៤យប់ស្នាក់នៅក្នុងទឹកដីអាមេរិក ពោលគឺពីរយប់ពេលទៅដល់ និងពីរយប់ក្រោយត្រឡប់ពីបំពេញទស្សនកិច្ច នៅតាមបណ្តាប្រទេសក្នុងតំបន់ការី បៀនវិញ។ ជាដំបូងលោកស្រីនឹងចុះចតនៅឯទីក្រុងញូយ៉ក ហើយពេលត្រឡប់មកវិញលោកស្រី Tsai នឹងចុះនៅទីក្រុង ឌែនវើ (Denver) រដ្ឋកាលីហ្វ័រញ៉ា។

យ៉ាងណា ការចំណាយពេលវេលាលើកនេះនៅសហរដ្ឋអាមេរិក នឹងយូរជាងរាល់ដង ព្រោះជាធម្មតាលោកស្រី បានចំណាយពេលត្រឹមតែមួយយប់ប៉ុណ្ណោះ ពេលឈប់ឆ្លងកាត់ដី អាមេរិកម្តងៗ។ ការធ្វើទស្សនកិច្ចនេះ តែងតែត្រូវបានរៀបចំឡើងជារឿយៗ ខណៈបណ្តាប្រទេសមួយចំនួននៅអាមេរិកកណ្តាល នៅតែបន្តរក្សាទំនាក់ ទំនងជាមួយកោះតៃវ៉ាន់។

គួរជម្រាបថា រដ្ឋាភិបាលទីក្រុងប៉េកាំងដែលចាត់ទុកកោះតៃវ៉ាន់ ត្រឹមជាខេត្តមួយរបស់ប្រទេសចិន តែងតែបាន អំពាវនាវយ៉ាងទទូចឲ្យសហរដ្ឋអាមេរិក កុំផ្តល់ការអនុញ្ញាតឲ្យលោកស្រី Tsai ឈប់ឆ្លងកាត់ទឹកដីរបស់ខ្លួន កំឡុងការបំពេញទស្សនកិច្ចក្រៅ ប្រទេសរបស់លោកស្រី នៅតំបន់ក្បែរនោះឲ្យសោះ។ យ៉ាងណាមិញ ទីក្រុងវ៉ាស៊ីនតោនបានបញ្ជាក់ថា ទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកពុំមានភាពប្រែប្រួល ក្នុងការគោរពចំពោះគោលនយោបាយចិនតែមួយឡើយ៕

You might also like More from author