មន្ទីរ​ពិសោធន៍​អវកាស​ចិន​ឈ្មោះ​ថា «វិមាន​ឋាន​សួគ៌​ទី២» ត្រូវ​បាន​កម្ទេច​ចោល​ដោយ​សុវត្ថិភាព

(ប៉េកាំង)៖ នាថ្ងៃសុក្រម្សិលមិញនេះ មន្ទីរពិសោធន៍អវកាសចិន Tiangong-2 ត្រូវបានបញ្ជាឲ្យបន្ទាបខ្លួនចូល មកក្នុងស្រទាប់បរិយាកាសផែនដីវិញ ហើយកម្ទេចចោលដោយសុវត្ថិភាពតាមការគ្រោងទុក។ នេះបើតាមការ ដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៩។

មន្ទីរពិសោធន៍អវកាស Tiangong-2 ដែលមានន័យជាភាសាខ្មែរយើងថា «វិមានឋានសួគ៌ទីពីរ» នោះត្រូវបាន បញ្ជូនទៅកាន់គន្លងទីអវកាសកាលពីឆ្នាំ២០១៦ ហើយកាលពីយប់ថ្ងៃសុក្រម្សិលមិញនេះ វាត្រូវបានអ្នកវិទ្យា សាស្រ្តចិនបញ្ជាគ្រប់គ្រងឲ្យចុះមកក្នុងបរិយាកាសផែនដីវិញ ដើម្បីកម្ទេចចោល។ ខណៈមន្ទីរពិសោធន៍ អវកាសនេះ ស្ទើរតែត្រូវបានឆេះខ្ទេចទាំងស្រុងក្នុងផ្ទៃអាកាស កម្ទេចកម្ទីមួយចំនួនតូចរបស់វា បានធ្លាក់ទៅក្នុងតំបន់សុវត្ថិភាព ដែលត្រូវបានកំណត់ទុកជាមុន នៅភាគខាងត្បូងមហាសមុទ្រប៉ាស៊ីហ្វិក។

មកទល់បច្ចុប្បន្ន មន្ទីរពិសោធន៍អវកាស Tiangong-2 បានស្ថិតក្នុងអវកាសអស់រយៈពេលប្រមាណ១,០០០ថ្ងៃ ខណៈវាត្រូវគេកំណត់អាយុកាលធ្វើប្រតិបត្តិការត្រឹម២ឆ្នាំប៉ុណ្ណោះ។ ហេតុនេះហើយ អ្នកវិទ្យាសាស្រ្តចិន បានសម្រេចកម្ទេចវាចោលពេលឥឡូវតែម្តង ដើម្បីកុំឲ្យបាត់បង់ម្ចាស់ការ ដូចកាលមន្ទីរពិសោធន៍អវកាស Tiangong-1 ដែលបានធ្លាក់មកផែនដីវិញ កាលពីខែមេសា ឆ្នាំ២០១៨ បន្ទាប់ពីវាឈប់ដំណើរការតាំងពីឆ្នាំ២០១៦ ក្រោយត្រូវបង្ហោះឡើងអវកាសកាលពីឆ្នាំ២០១១ តែហេតុការណ៍នោះមិនបានបង្កគ្រោះថ្នាក់អ្វីទេ។

គួរជម្រាបថា មន្ទីរពិសោធន៍អវកាសទាំងពីរគ្រឿង គឺជាកិច្ចប្រឹងប្រែងសាកល្បងរបស់ប្រទេសចិន ក្នុងការបង្កើត ស្ថានីយអវកាសផ្ទាល់ខ្លួនមួយឲ្យបាននៅឆ្នាំ២០២២។ បច្ចុប្បន្ននៅក្នុងទីអវកាស មានស្ថានីយអវកាសតែមួយគត់ គឺស្ថានីយអវកាសអន្តរជាតិ ISS ដែលជាសមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការរួមគ្នារវាងសហរដ្ឋអាមេរិក រុស្ស៊ី កាណាដា អឺរ៉ុប និងជប៉ុន និងបានធ្វើប្រតិបត្តិការតាំងតែពីឆ្នាំ១៩៩៨មក ហើយត្រូវចូលនិវត្តន៍នៅឆ្នាំ២០២៤។ យ៉ាងណាមិញបើតាមគម្រោង ស្ថានីយអវកាសរបស់ចិន ទំនងជាមិនធំដូចជាស្ថានីយ ISS ឡើយ។

ខណៈអតីតសហភាពសូវៀត (រុស្ស៊ី) និងសហរដ្ឋអាមេរិក សុទ្ធតែបានប្រឡូកក្នុងវិស័យអវកាសរាប់ទសវត្សរ៍មក ហើយ ចិនទើបតែបានក្លាយជាប្រទេសទីបី ដែលអាចបញ្ជូនមនុស្សឡើងទីអវកាសនៅឆ្នាំ២០០៣ប៉ុណ្ណោះ ប៉ុន្តែឥឡូវអ្នកជំនាញមួយចំនួនបានព្យាករណ៍ឃើញថា វិស័យអាកាសរបស់មហាយក្សនៅអាស៊ីមួយនេះ អាចនឹងមានសន្ទុះរីកចម្រើនយ៉ាងខ្លាំងក្លាបំផុត រហូតអាចតាមទាន់ឬវ៉ាអាមេរិកថែមទៀតផង ក្នុងពេលប៉ុន្មានទសវត្សរ៍ខាងមុខ៕

You might also like More from author