ចាប់ពី​ឆ្នាំ​២០២១​ទៅ វៀតណាម​នឹង​ខ្វះ​អគ្គិសនី​ប្រើ​ប្រាស់ ទីក្រុង​ហាណូយ​ត្រៀម​ទិញ​ភ្លើង​ពី​ចិន និង​ឡាវ​មក​បង្គ្រប់

(ហាណូយ)៖ យោងតាមអាជ្ញាធរវៀតណាមបានឲ្យដឹងថា ប្រទេសនេះទំនងជានឹងប្រឈមមុខ បញ្ហាកង្វះខាត អគ្គីសនីប្រើប្រាស់ចំនួន ៦.៦ពាន់លានគីឡូវ៉ាត់ម៉ោង (kWh) នៅឆ្នាំ២០២១ និង ១១.៨ពាន់លានគីឡូវ៉ាត់ម៉ោង (kWh) នៅឆ្នាំ២០២២ ហើយនឹងអាចកើនឡើងដល់ ១៥ពាន់លានគីឡូវ៉ាត់ម៉ោង (kWh) នៅឆ្នាំ២០២៣។ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារព័ត៌មានស៊ីនហ៊ួ នារសៀលថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ ២០១៩។

តាមរយៈសារព័ត៌មានក្នុងស្រុកមួយ បានដកស្រង់សម្តីរបស់លោក ភុង ហ័ងគីម (Phuong Hoang Kim) ដែលជាអគ្គនាយកអាជ្ញាធរអគ្គិសនី និងថាមពលវៀតណាម ដែលពន្យល់ពីមូលហេតុនឹងធ្វើឲ្យវៀតណាម ខ្វះខាតអគ្គិសនីប្រើប្រាស់នៅប៉ុន្មានឆ្នាំខាងមុខយ៉ាងដូច្នេះថា «នេះគឺដោយសារតែការអនុវត្តន៍យឺតយ៉ាវ នៃគម្រោងថាមពលអគ្គីសនី ៤៦កន្លែង ដែលមានសមត្ថភាពផលិតលើសពី ២០០មេហ្គាវ៉ាត់ (MW)»។ លោកក៏បានបន្ថែមទៀតថា មានកត្តារួមផ្សំផ្សេងទៀតជាច្រើន ដូចជាការកើនឡើងនៃតម្រូវការប្រើប្រាស់អគ្គីសនី លំហូរទឹកមិនបានល្អចូលបំពេញអាងស្តុកទឹកនៃទំនប់វារីអគ្គិសនី និងការខ្វះខាតធ្យូងថ្ម ព្រមទាំងឧស្ម័នសម្រាប់ ផលិតអគ្គិសនីជាដើម។

ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមមុខនេះ រដ្ឋាភិបាលក្រុងហាណូយ មានផែនការបង្កើនទិន្នផលអគ្គិសនី ដែលផលិតចេញពីប្រភពថាមពលកកើតឡើងវិញ ពីប្រមាណ ៥៨ពាន់លានគីឡូវ៉ាត់ តាំងតែពីឆ្នាំ២០១៥ នឹងទៅដល់ប្រមាណ ១០១ពាន់លានគីឡូវ៉ាត់នៅឆ្នាំ២០២០ ព្រមទាំង ១៨៦ពាន់លានគីឡូវ៉ាត់នៅត្រឹមឆ្នាំ ២០៣០ ខាងមុខនេះ។ ចំណែកឯដំណោះស្រាយបណ្តោះអាសន្នវិញ វៀតណាមអាចនឹងនាំចូលអគ្គិសនីបន្ថែម ពីប្រទេសចិន និងឡាវ៕

You might also like More from author