ចន សុទីម៉ា ក្លាយជា​បេក្ខភាព​តំណាង​កម្ពុជា ចូលរួម​ប្រកួត​កម្មវិធី «បវរកញ្ញា​ទេសចរណ៍​អន្តរជាតិ ឆ្នាំ២០១៩» នៅ​ម៉ាឡេស៊ី!

(ភ្នំពេញ)៖ ថ្មីៗនេះកម្ពុជាបានរកឃើញ បវរកញ្ញាមួយរូបយ៉ាងស្រស់សោភា និងពោរពេញដោយសមត្ថភាព ដែលនឹងត្រូវតំណាងឲ្យប្រទេសកម្ពុជា ចូលរួមដណ្ដើមយកមកុដ ក្នុងកម្មវិធី ប្រកួតប្រជែងសម្រស់និងសមត្ថភាព «Miss Tourism International 2019» ឬ «បវរកញ្ញាទេសចរណ៍អន្តរជាតិឆ្នាំ២០១៩» ក្នុងខែតុលាខាងមុខនេះ នៅប្រទេសម៉ាឡេស៊ី ដោយបានទៅលើ បវរកញ្ញាគ្រងមកុដជ័យលាភីលេខ៣ នៃការប្រកួត (Miss Universe Cambodia ២០១៩)កញ្ញា ចន សុទីម៉ា ។

ជាការពិតណាស់ ក្នុងខែតុលាខាងមុខនេះ កញ្ញា ចន សុទីម៉ា នឹងត្រូវតំណាងឲ្យប្រទេសកម្ពុជា ចេញទៅប្រកួតប្រជែង ដណ្ដើមយកមកុដ «បវរកញ្ញាទេសចរណ៍អន្តរជាតិឆ្នាំ២០១៩» ដោយត្រូវប្រកួតជាមួយនឹង បេក្ខភាពជាច្រើនប្រទេសផ្សេងទៀតមកពីជុំវិញពិភពលោក ខណៈដែលកម្មវិធីប្រកួត នឹងចាប់ផ្ដើមពីថ្ងៃទី២២ ខែតុលា ដល់ថ្ងៃទី១០ វិច្ឆិកា ឆ្នាំ២០១៩ ដោយនឹងប្រព្រឹត្តទៅនៅទីក្រុងកូឡាឡាំពួរ នៃប្រទេសម៉ាឡេស៊ី។

នេះជាមោទនភាពមួយសម្រាប់ប្រទេសកម្ពុជាដែលមានបេក្ខភាព ពោរពេញទៅដោយសមត្ថភាព ទេពកោសល្យ និងរូបសម្រស់ស្រស់ស្អាត ចេញទៅចូលរួមក្នុងការប្រកួតកម្មវិធីលំដាបថ្នាក់ពិភពលោក ជាបន្តបន្ទាប់ ជាក់ស្ដែងដូចជាកញ្ញា ចន សុទីម៉ា ដែលនឹងត្រូវត្រៀមខ្លួន ចេញទៅប្រកួតនៅលើឆាកអន្តរជាតិ ដើម្បីដណ្ដើមយកជ័យលាភី មកជូនជាតិមាតុភូមិ។

ក្នុងនោះប្រិយមិត្តទស្សនិកជន បានសម្ដែងនូវក្ដីសាទរ ក៏ដូចជាលើកទឹកចិត្តដល់ ស្រីស្អាត ចន សុទីម៉ា ឲ្យខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពក្នុងការប្រកួត ដណ្ដើមយកមកុដ «បវរកញ្ញាទេសចរណ៍អន្តរជាតិឆ្នាំ២០១៩»៕

You might also like More from author