កំពូល​តារា​សម្តែង ឈិនឡុង ព្រួយ​បារម្ភ​អំពី​ស្ថាន​ការណ៍​នៅ​ហុងកុង​ដែល​ជា​ទឹក​ដី​កំណើត ខណៈលោក​ចូល​រួម​យុទ្ធនា​ការ​ការ​ពារ​ទង់​ជាតិ​ចិន

(ហុងកុង)៖ កំពូលតារាសម្តែងភាពយន្តចិន-ហូលីវូដ និងជាគ្រូក្បាច់គុណកុងហ្វូដ៏ល្បីល្បាញលើពិភពលោក ដែលមានដើមកំណើតមកពីទីក្រុងហុងកុង គឺលោក ជែកគី ចាន់ ហៅ ឈិនឡុង បានសម្តែងការព្រួយបារម្ភយ៉ាង ខ្លាំងចំពោះអ្វីដែលបាន និងកំពុងតែកើតឡើងនៅលើទឺកដីដើមកំណើតរបស់លោក នាប៉ុន្មានសប្តាហ៍ចុង ក្រោយនេះ ខណៈលោកបានចូលរួមក្នុងយុទ្ធនាការគាំទ្រក្រុងប៉េកាំង ដើម្បីការពារទង់ជាតិចិននៅទឹកដីស្វយ័ត ចិននេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្សី RT នារសៀលថ្ងៃពុធ ទី១៤ ខែសីហា ឆ្នាំ ២០១៩។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ចិន CCTV តារាហូលីវូទដ៏ល្បីឈ្មោះរូបនេះ បានបង្ហាញចំណាប់អារម្មណ៍ ជុំវិញបាតុកម្មតវ៉ានៅហុងកុងយ៉ាងដូច្នេះថា «វាពិតជារឿងដ៏គួរឲ្យអស់សង្ឃឹម និងព្រួយបារម្ភខ្លាំងណាស់ចំពោះ អ្វីដែលកំពុងកើតឡើងនៅលើដែនដីនៃអតីតអាណានិគមរបស់អង់គ្លេសមួយនេះ»

ជាមួយគ្នានេះលោក ជែកគី ចាន់ ក៏បាននិយាយដែរថា លោកបានចូលរួមក្នុងយុទ្ធនាការ តាមរយៈប្រព័ន្ធផ្សព្វ ផ្សាយសង្គមមួយ បន្ទាប់ពីក្រុមបាតុករមួយក្រុមបានយកទង់ជាតិចិន ដែលកំពុងដោតនៅលើកំពង់ផែ វីចតូរៀ (Victoria Harbor) ហើយបានបោះវាចូលទៅក្នុងទឹកសមុទ្រ និងបានយកទង់ពណ៌ក្រហមដែលមានសរសេរ ពាក្យថា «ឯករាជ្យភាពហុងកុង» មួយផ្សេងទៀតមកជំនួសវិញ កាលពីដើមខែសីហានេះ។

គួរបញ្ជាក់ថា យុទ្ធនាការរបស់លោក ឈិនឡុង ខាងលើនេះមានឈ្មោះថា «ទង់ក្រហមផ្កាយប្រាំ មានឆ្មាំការពារ ១.៤ ពាន់លាននាក់» ដែលសំដៅទៅចំនួនប្រជាជនចិនទាំងអស់ ចេញមកការងារទង់ជាតិរបស់ខ្លួន។ ដោយឡែកទង្វើរបស់បាតុករមួយចំនួនខាងលើនេះ បានបង្កឱ្យមានផ្ទុះកំហឹងយ៉ាងខ្លាំង ពីសំណាក់ប្រជាជនចិន ដីគោក ខណៈអជ្ញាធរចិនសន្យាថា នឹងផ្តល់រង្វាន់ជូន ១២៧.០០០ដុល្លារអាមេរិក សម្រាប់ព័ត៌មានដែលនាំទៅ ដល់ការចាប់ខ្លួនជនសង្ស័យ៕

You might also like More from author