សុវត្ថិឌី ធារិកា ត្រៀម​ចេញ​បទ​ចម្រៀង​ក្នុង​ផលិតកម្ម​ថ្មី ដោយ​សង្ឃឹម​ថា​នឹង​មាន​ការ​គាំទ្រ​ច្រើន​ពី​ទស្សនិកជន!

(ភ្នំពេញ)៖ តារាចម្រៀងស្រីវ័យក្មេង និងជាអតីតបេក្ខភាព កម្មវិធីប្រឡងចម្រៀង «Cambodian Idol» រដូវកាលទី១ កញ្ញា សុវត្ថិឌី ធារិកា ទោះបីជាកន្លងមក ស្រីស្អាតរូបនេះមិនមានជាតារាចម្រៀងក្នុងផលិតកម្មក្ដី តែគេសង្កេតឃើញថានាង ពិតជាទទួលបានការចាប់អារម្មណ៍ និងគាំទ្រច្រើនពីសំណាក់ទស្សនិកជន តាមរយៈការច្រៀង Cover បទចម្រៀងបង្ហោះចូលក្នុងបណ្ដាញសង្គម។ យ៉ាងណាមិញ ថ្មីៗនេះតារាចម្រៀងស្រីរាងតូចច្រលឹង សុវត្ថិឌី ធារិកា បានបង្ហើបឲ្យដឹងថា នាងនឹងត្រៀមចេញនូវបទចម្រៀង នៅក្នុងផលិតកម្មដែលជាផលិតកម្មថ្មីមួយទៀត របស់ផលិតកម្មថោន ខណៈដែលនេះជាលើកដំបូងហើយ ដែលស្រីស្អាតរូបនេះ សម្រេចចិត្តចូលច្រៀងក្នុងផលិតកម្ម ពោលគឺផលិតកម្ម «Top Music»។

ថ្លែងប្រាប់តាមរយៈទូរស័ព្ទ កញ្ញា សុវត្ថិឌី ធារិកា បានឲ្យដឹងថា នាងនឹងត្រៀមចេញនូវបទចម្រៀងចំនួន០២ បទ នៅក្នុងផលិតកម្ម «Top Music» ដែលជាបុត្រសម្ព័ន្ធ របស់ផលិតកម្មថោន។ ទន្ទឹមគ្នានេះ នាងបានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា នឹងទទួលបានការគាំទ្រច្រើន ពីសំណាក់ទស្សនិកជន ទោះបីជាផលិតកម្មថ្មីមួយនេះ ដែលជាគ្រួសាររបស់ផលិតកម្មថោន មិនទាន់មានទស្សនិកជន ស្គាល់ច្រើននៅឡើយក្ដី ។

តារាចម្រៀងស្រី ទឹកដមសំនៀងពិរោះរណ្តំ កញ្ញា សុវត្ថិឌី ធារិកា បានបង្ហាញពីមូលហេតុដែលសម្រេចចូលផលិតកម្ម Top Music បាន មិនមែនអ្វីជាការស្ទាក់ស្ទើរនោះទេ ព្រោះនាងចង់មានទ្រនំមួយច្បាស់លាស់ ខណៈពីមុនមក ធ្លាប់តែធ្វើជាតារាចម្រៀងឯករាជ្យ មួយវិញទៀតអាចចាត់ទុកជាបទពិសោធន៍ថ្មីមួយ សម្រាប់នាង ក្នុងការធ្វើជាតារាចម្រៀងក្នុងផលិតកម្ម ។

សុវត្ថិឌី ធារិកា បានបង្ហាញពីការប្តេជ្ញាចិត្តថា នឹងខិតខំប្រឹងប្រែងធ្វើអ្វីដែលថ្មីៗ ដែលជាស្នាដៃកូនខ្មែរ និងបានសំណូមពរដល់ទស្សិកជន ឲ្យជួយគាំទ្របទចម្រៀងថ្មីរបស់ខ្លួន ដែលនឹងត្រៀមចេញក្នុងពេលឆាប់ៗខាងមុខនេះ ៕

You might also like More from author