​តារាល្បីៗ​​ចេញ​មុខ​ជូនពរ និង​លើក​ទឹកចិត្ត​ដល់​បេក្ខជន​-​បេក្ខនារី ប្រឡង​បាក់ឌុប​​ឆ្នាំនេះ

(ភ្នំពេញ)៖ ជាការពិតនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ គឺជាថ្ងៃទី១ នៃការប្រឡងបាក់ឌុប ប្អូនៗសិស្សានុសិស្សថ្នាក់ទី១២។ ជាមួយគ្នានេះ មហាជនសង្កេតឃើញថា ទិដ្ឋភាពគ្រប់មណ្ឌលប្រឡងទាំងអស់ទូទាំងប្រទេស ហាក់មានភាពល្អប្រសើរ អមជាមួយនឹងការបង្ហាញវត្តមាន របស់អាណាព្យាបាលសិស្សជាច្រើន មកលើកទឹកចិត្តកូនៗក្នុងថ្ងៃប្រឡង។ តែយ៉ាងណា ក៏ត្រូវបានមហាជនសង្កេតឃើញថា មានតារាប្រុសស្រីល្បីៗជាច្រើន បានបញ្ចេញវោហារលើបណ្តាញសង្គម ដើម្បីលើកទីចិត្តប្អូនៗ ក្នុងឱកាសប្រឡងបាក់ឌុបក្នុងថ្ងៃនេះ។

តារាចម្រៀង និងសម្ដែងប្រុសស្រីដែលចេញមុខជូនពរប្អូនៗ ប្រឡងបញ្ចប់ថ្នាក់ទី១២ រួមមាន លោក ព្រាប សុវត្ថិ, ឱក សុគន្ធកញ្ញា, ខេមរៈ សិរីមន្ត, ពេជ្រ សោភា, ឆន សុវណ្ណរាជ, ណុប បាយ៉ារិទ្ធ, សុគន្ធ និសា, គៀត សុវណ្ណាឡាង, លឹម ជាឡាយ ព្រមទាំងអ្នកសិល្បៈប្រុសស្រីមួយចំនួនទៀត។ ងាកមកចាប់អារម្មណ៍ចំពោះសារលើកទឹកចិត្តរបស់លោក ខេមរៈ សិរីមន្ត វិញ បានសរសេរថា «ជូនពរប្អូនៗដែលប្រឡងបាក់ឌុបថ្ងៃនេះ ឲ្យធ្វើលំហាត់បានល្អ និងឆ្លើយសំនួរបានល្អ ហើយប្រឡងជាប់បាននិទេសល្អទាំងអស់គ្នាណា»

ទន្ទឹមគ្នានេះ សំណេរជាច្រើនរបស់តារាប៉ុន្មានដួងខាងលើនេះដែរ ដែលភាគច្រើន គឺសុទ្ធសឹងតែជាសារលើកទឹកចិត្ត ដល់ប្អូនៗប្រឡងបាក់ឌុប ស្រដៀងទៅនឹងសាររបស់លោក ខេមរៈ សិរីមន្តផងដែរ។

គួរជម្រាបថា ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា សម្រាប់ការប្រឡងបាក់ឌុប នៅព្រឹកថ្ងៃដំបូង ទី១៩ ខែសីហា ឆ្នាំ២០១៩នេះ ចំនួនបេក្ខជនអវត្តមាន ចំនួន១,៦១៩នាក់ ស្រី៦២១នាក់ ជាភាគរយ១.៣៨%។ សម្រាប់បេក្ខជន ដែលមានបញ្ហាសុខភាពវិញ មានចំនួន១៩ករណី ប៉ុន្ដែអាចដំណើរការប្រឡងបន្ដទៀតបាន បន្ទាប់ពីទទួលបានការសង្គ្រោះបឋមពីក្រុមគ្រូពេទ្យ ដែលប្រចាំការនៅមណ្ឌលប្រឡង៕

You might also like More from author