មើលចិត្តគ្នាជាង ១៣ឆ្នាំ និង​មាន​កូន ២នាក់ ទើប​សម្រេច​ចិត្ត​រៀបការ​​ជាមួយ​មិត្តស្រី​របស់ខ្លួន!

(បរទេស)៖ ទីបំផុតតារាសម្តែងសំបូរសាច់ដុំ Dwayne Johnson ដែលត្រូវបានគេស្គាល់ថា The Rock បានរៀបការជាមួយមិត្តស្រីរបស់ខ្លួន ហើយក្រោយទាក់ទងគ្នាអស់រយៈពេលជាង ១៣ឆ្នាំ និងមានកូនស្រី ២នាក់ជាមួយគ្នា។ នេះបើតាមការប្រកាសនៅលើបណ្តាញសង្គម Instgram របស់ The Rock ផ្ទាល់ដែលមានអ្នកគាំទ្រជាង ១៥៤លាននាក់។

រូបថតមង្គលការចំនួន ២សន្លឹកបែបសាមញ្ញ និងមានលក្ខណៈឯកជនតូចមួយរបស់ The Rock ជាមួយភរិយា Lauren Hashian បានបង្ហោះនៅថ្ងៃទី ១៩ សីហាម្សិលមិញនៅលើគណនីរបស់លោកផ្ទាល់ជាមួយ Caption «We do. August 18th, 2019. Hawaii. Pōmaikaʻi (blessed)» ដែលមានន័យថា «ពួកយើងធ្វើនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០១៩ នៅរដ្ឋហាវ៉ៃ! សូមព្រះប្រទានពរ» បានចែករំលែករាប់លានដងនៅលើបណ្តាញសង្គម ជាពិសេសមានការអបអរពីសំណាក់តារាហូលីវូដល្បីៗជាច្រើនដូចជា Gal Gadot, Ryan Reynolds, Karen Gillan, P Diddy, Jessica Chastain, Nicole Scherzinger, Scooter Braun, Nick Jonas, Naomi Campbell ជាដើម។

គួរឱ្យដឹងថា The Rock និងភរិយាបានស្គាល់គ្នាដំបូងក្នុងឆ្នាំ ២០០៦ ពេលចូលរួមសម្តែងរឿង «The Game Plan» ហើយបច្ចុប្បន្នពួកគេមានកូនស្រីចំនួន ២នាក់ គឺ Jasmine (២០១៥) និង Tiana (២០១៨) ។ ដោយឡែក The Rock ធ្លាប់រៀបការម្តងរួចមកហើយនៅឆ្នាំ ១៩៩៧ ជាមួយផលិតករខ្សែភាពយន្ត Dany Garcia ប៉ុន្តែបានចែកផ្លូវគ្នានៅឆ្នាំ ២០០៧ ទទួលបានកូនស្រីម្នាក់ឈ្មោះ Simone Alexandra Johnson អាយុ ១៨ឆ្នាំ៕

You might also like More from author