លោក សុវណ្ណារិទ្ធនិង ស្នាដៃ​ចម្រៀង​កំសត់ៗ ធ្វើ​អោយ​លោក​​មាន​​ប្រជា​ប្រិយ​ភាព​កាន់​តែ​ខ្លាំង

(ភ្នំពេញ)៖ តារាចម្រៀងប្រុស លោក ហង្ស សុវណ្ណារិទ្ធ បច្ចុប្បន្នត្រូវបានទស្សនិកជនជាច្រើនការគាំទ្រ តាមរយៈ ស្នាដៃបទចម្រៀងជាច្រើនបទ ខណៈដែលបទចម្រៀងនីមួយៗរបស់តារាប្រុសរូបនេះ សុទ្ធសឹងតែជាបទកំសត់ៗ ដែលដកស្រង់ចេញពីជីវិតពិតក្នុងសង្គម។ តាមរយៈស្នាដៃរៀបរាប់ពីជីវិតរផ្ទាល់ខ្លួននេះ ជាហេតុកាន់តែធ្វើឲ្យ ហង្ស សុវណ្ណារិទ្ធ កាន់តែទទួលបាននូវប្រជាប្រិយភាព ពិសេស គឺមានទស្សនិកជនជាច្រើនកាន់តែស្គាល់ លោក។

លោក ហង្ស សុវណ្ណារិទ្ធ បានឲ្យដឹងថា បទចម្រៀងភាគច្រើន គឺរៀបរាប់ពីសង្គមទូទៅជាក់ស្ដែង បញ្ហាគ្រួសារ ហើយក៏មានការសំណូមពរពីអ្នកគាំទ្រមួយចំនួន ឲ្យបង្ហាញពីអារម្មណ៍ដែលគេធ្លាប់ជួប។ ដោយឡែក ក៏មានបទចម្រៀងពីរបទ «សំបុកឥតបារ» និងបទ «ទឹកភ្នែកអ្នកចម្រៀង» លោកបានសរសេររៀបរាប់ឡើង ពីជីវិតពិតរបស់លោកផ្ទាល់ផងដែរ ដោយចង់បង្ហាញពីការតស៊ូក្នុងនាមជាតារាចម្រៀង និងជាកូនកំព្រា ឥតឪពុក។

ជាមួយគ្នានេះ ចំពោះការបើកកកាយពីបញ្ហាជីវិត លោក ហង្ស សុវណ្ណរិទ្ធ បានបញ្ជាក់ថាមិនមែនជារឿងខ្មាស់គេ ផ្ទុយទៅវិញវាជាបទពិសោធន៍តស៊ូមួយឲ្យបុគ្គលដទៃបានដឹង និងយកគំរូតស៊ូតាម។ បន្ថែមពីនេះលោកថែមទាំង សប្បាយចិត្ត ពេលមានឱកាស បានរៀបរាប់ពីជីវិតពិតរបស់ខ្លួន ទៅកាន់សាធារណៈជនតាមរយៈបទចម្រៀង ទាំងនោះ។

លោកថា ដោយសារមានការជួយជ្រោមជ្រែង និងលើកទឹកចិត្តបន្ថែមពីសំណាក់មនុស្សនៅជុំវិញខ្លួន ធ្វើឲ្យខ្លួន ហ៊ានផលិតនូវបទចម្រៀង ជាច្រើនបទ ដែលសុទ្ធតែជាបទកំសត់ៗ និងបានអញ្ជើញទាំងតារាល្បី ដូចជាសិល្បៈការនីជើងចាស់ អ្នកនាង ស្វែង សុជាតា ជាដើម ដើម្បីសម្ដែង MV ជាហេតុធ្វើឲ្យចម្រៀងលោក មានការគាំទ្រកាន់តែខ្លាំងពីទស្សនិកជន។

ចុងក្រោយលោក ហង្ស សុវណ្ណារិទ្ធ ក៏បានអរគុណដល់ទស្សនិកជន ដែលតែងតែជួយគាំទ្រលោក កន្លងមក និងសំណូមពរដល់ទស្សនិកជន ឲ្យជួយគាំទ្រនូវរាល់ស្នាដៃបទចម្រៀងរបស់លោក ឲ្យកាន់តែច្រើនថែមទៀត ហើយលោកក៏ត្រៀមបញ្ចេញនូវបទចម្រៀងថ្មីៗជាច្រើនទៀត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។

គួរជម្រាបថា លោក ហង្ស សុវណ្ណា បានប្រឡូកចូលក្នុងសិល្បៈរយៈពេលជិត៧ឆ្នាំមកហើយ។
បច្ចប្បន្នលោក គឺជាតារាចម្រៀង ឯករាជ្យមួយរូប ដែលចាប់ផ្ដើមមានការគាំទ្រ និងមានប្រជាប្រិយភាព តាមរយៈការនិពន្ធឡើងនូវបទចម្រៀង បែបមនោសញ្ចេតនាកំសត់ៗ រៀបរាប់ពីសង្គមជាក់ស្ដែង ដែលសុទ្ធតែមានការគាំទ្រ៕

You might also like More from author