បេក្ខជន-បេក្ខនារី​៧រូប តំណាង​ឲ្យ​ប្រទេស​កម្ពុជា ចេញ​ទៅ​ប្រកួត​សម្រស់​នៅ​លើ​ឆាក​អន្តរ​ជាតិ តាម​រយៈ​ក្រុម​ហ៊ុន «Arise Agency» ក្នុង​ឆ្នាំ​២០១៩

(ភ្នំពេញ)៖ នៅក្នុងឆ្នាំ២០១៩នេះ បេក្ខជន-បេក្ខនារី សរុបទាំងអស់ចំនួន៧រូប បានក្លាយជាតំណាងឲ្យប្រទេស កម្ពុជា ដើម្បីចេញទៅប្រកួត ក្នុងកម្មវិធីលក្ខណៈអន្តរជាតិនានា នៅតាមបណ្ដាប្រទេសមួយចំនួននៅលើ ពិភពលោក តាមរយៈក្រុមហ៊ុន «Arise Agency» ដោយក្នុងនោះបេក្ខជន-បេក្ខនារីនីមួយ បានត្រៀមខ្លួនរួច ជាស្រេច ដើម្បីឲ្យពិភពលោកស្គាល់ពីអរីយធម៌ វប្បធម៌ និងប្រពៃណីទំនៀមទម្លាប់របស់ប្រទេសកម្ពុជា ក្នុងព្រឹត្តិការណ៍នីមួយៗ។

លោក ម៉ែន និមលរតន៍ អ្នកចាត់ការទូទៅក្រុមហ៊ុន «Arise Agency» បានថ្លែងឲ្យដឹងថា ជាការពិតនៅក្នុងឆ្នាំ ២០១៩នេះ ក្រុមបានបញ្ជូនបេក្ខជន-បេក្ខនារីសរុប៧រូប ក្នុងមានបេក្ខជន១រូប និងបេក្ខនារី៦រូប ដើម្បីចេញទៅ ប្រកួតក្នុងកម្មវិធីអន្តរជាតិនានា នៅតាមបណ្ដាប្រទេសនីមួយៗ ជុំវិញពិភពលោក។ បេក្ខជន-បេក្ខនារីនីមួយៗ ត្រូវបានក្រុមហ៊ុនសម្រិតសម្រាំងឡើង យ៉ាងពិសេសទាំងសមត្ថភាព សម្រស់ កាយសម្បទារ ដើម្បីតំណាងឲ្យ ប្រទេសកម្ពុជា ប្រកួតប្រជែងសមត្ថភាព ជាមួយនឹងបណ្ដាបេក្ខជន-បេក្ខនារី មកពីប្រទេសនានា ជុំវិញពិភពលោក។

លោកបានបន្តទៀតថា មុនចេញទៅប្រកួតបេក្ខជន-បេក្ខនារីគ្រប់រូប បានខិតខំហ្វឹកហាត់ យ៉ាងយកចិត្តទុកដាក់ ទាំងផ្នែកដើរម៉ូត ការឆ្លើយសំណួរ ភាសាអង់គ្លេស ចំណោះដឹងទូទៅ និងត្រៀមនូវឈុតតំណាងជាតិរបស់ខ្លួន ក្នុងកម្មវិធីនីមួយៗ ដើម្បីបង្ហាញក្នុងកម្មវិធីដែលពួកគេចេញទៅប្រកួតរៀងៗខ្លួន ខណៈដែលក្រុមហ៊ុនបានជួយ ជ្រោមជ្រែងគ្រប់បែបយ៉ាង ក្នុងន័យបង្កឱកាសងាយស្រួលដល់បេក្ខជន-បេក្ខនារី ក្នុងការដណ្ដើមយកជយលាភី មកជូនប្រទេសជាតិមាតុភូមិវិញ។

ដោយឡែកងាយមកបេក្ខជន-បេក្ខនារីទាំង៧រូបវិញ ក៏បានសម្ដែងក្ដីរីករាយព្រមៗគ្នា នៅពេលដែលខ្លួនត្រូវបាន ជ្រើសរើសតំណាងឲ្យប្រទេសកម្ពុជា ទៅប្រកួតនៅលើឆាកអន្តរជាតិ ដោយពួកគេបាននាំយកនូវម៉ូដ សម្លៀកបំពាក់ ដែលបង្ហាញពីអត្តសញ្ញាណជាតិខ្មែរ និងប្រពៃណីវប្បធម៌ខ្មែរមួយចំនួនទៀត ដើម្បីបង្ហាញជូន ដល់អន្តរជាតិបានស្គាល់ នៅក្នុងកម្មវិធី។ ពួកគេម្នាក់ៗបានតាំងចិត្តថា នឹងប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ដើម្បីនាំយកជយលាភី មកកាន់ប្រទេសជាតិរបស់ខ្លួនវិញ។

សូមបញ្ជាក់ថា បេក្ខជន-បេក្ខនារី តំណាងឲ្យប្រទេសកម្ពុជា ចេញទៅប្រកួតសម្រស់ នៅលើឆាកអន្តរជាតិ ទាំង៧រូបនោះ រួមមាន៖

ទី១, កញ្ញា សំណាង អេលីណា កញ្ញាឯកចក្រវាលកម្ពុជាឆ្នាំ២០១៩ ចេញទៅប្រកួតក្នុងប្រទេស កូរ៉េខាងត្បូង។

ទី២, កញ្ញា ថោង ម៉ាឡា កញ្ញាឯកផែនដីកម្ពុជាឆ្នាំ២០១៩ ចេញទៅប្រកួតក្នុងប្រទេស ហ្វីលីពីន។

ទី៣, កញ្ញា ចន សុទីម៉ា កញ្ញាឯកទេសចរណ៍អន្តរជាតិកម្ពុជាឆ្នាំ២០១៩ ចេញទៅប្រកួតក្នុងប្រទេស ម៉ាឡេស៊ី។

ទី៤, កញ្ញា ប៉ូ គីមថេងសុធីតា កញ្ញាឯកអាស៊ីប៉ាស៊ីហ្វិកអន្តរជាតិកម្ពុជាឆ្នាំ២០១៩ ចេញទៅប្រកួតក្នុងប្រទេស ហ្វីលីពីន។

ទី៥, កញ្ញា បុណ្យ កញ្ចនធីតា កញ្ញាឯកអន្តរជាតិកម្ពុជាឆ្នាំ២០១៩ ចេញទៅប្រកួតក្នុងប្រទេសជប៉ុន។

ទី៦, កញ្ញា គង់ សុជាតា កញ្ញាឯក Asia Awards កម្ពុជាឆ្នាំ២០១៩ ចេញទៅប្រកួតក្នុងវៀតណាម។

ទី៧, លោក ទ្រី តារាវុធ កម្មវិធី Man Of The Year Cambodia 2019 ចេញទៅប្រកួតក្នុងប្រទេស មីយ៉ាន់ម៉ា៕

You might also like More from author