ម៉ែន និមលរតន៍ ត្រូវ​បាន​ជ្រើស​​រើស​ធ្វើជា​គណៈកម្មការ​អន្តរ​ជាតិ​ក្នុង​កម្មវិធី​​ «Mister Pattaya 2019»ប្រទេស​ថៃ

(ភ្នំពេញ)៖ លោក មែន និមលរតន៍ ដែលជាអ្នកគ្រប់គ្រង និងបញ្ចូនតារាម៉ូដែលកម្ពុជា ទៅប្រកួតក្នុងកម្មវិធី លំដាប់ថ្នាក់ពិភពលោកនានា ថ្មីៗនេះត្រូវបានអ្នករៀបចំកម្មវិធីប្រួកួតសម្រស់នៅប្រទេសថៃ អញ្ជើញឲ្យធ្វើជា គណៈកម្មការក្នុងកម្មវិធីប្រកួតផ្នែកបុរស «Mister Pattaya 2019»។

ជាការកត់សម្គាល់ កម្មវិធីនេះត្រូវបានបញ្ចប់ដោយជោគជ័យហើយ តែយ៉ាងណាលោក ម៉ែន និមលរតន៍ ទទួលបានបទពិសោធន៍ជាច្រើនក្នុងដំណើរទៅធ្វើជាគណៈកម្មការពេលនេះ។ ថ្លែងប្រាប់ Fresh News លោក ម៉ែន និមលរតន៍ ថានៅថ្ងៃខាងមុខនឹងរៀបចំកម្មវិធីថ្មីៗ ប្លែកៗ ក្នុងប្រទេសកម្ពុជា ធ្វើយ៉ាងណាឲ្យមានកម្មវិធី ប្រកួតសម្រស់ទាំងបុរស-នារី ឲ្យកាន់តែច្រើន ពោលគឺមានគ្រប់ទម្រង់តែម្តង។ ដោយការចេញទៅប្រទេស ក្រៅម្តងៗ គឺដកបទពិសោធន៍ និងសិក្សាស្វែងយល់កាន់តែច្រើនពីកម្មវិធីប្រកួតសម្រស់។

លោក ម៉ែន និមលរតន៍ បានបន្ថែមថា នេះជាលើកទី១ហើយ ដែលលោកត្រូវបានអ្នករៀបចំកម្មវិធី អញ្ជើញឲ្យ ធ្វើជាគណៈកម្មការក្នុងកម្មវិធី «Mister Pattaya 2019 » នៅប្រទេសថៃ ខណៈឆ្នាំ២០១៩នេះ ជាលើកទី៦ហើយ ដែលថៃបានរៀបចំកម្មវិធីនេះឡើង។ លោកថា មូលហេតុដែលគេអញ្ជើញលោកធ្វើជា Judge ដោយសារតែអ្នក រៀបចំកម្មវិធី បានដឹងពី Background និងសមត្ថភាពរបស់លោករួចរាល់ហើយ។

លោកបន្ថែមថា ទោះបីនេះជាលើកទី១ ធ្វើជាគណៈកម្មការក្នុងកម្មវិធី «Mister Pattaya 2019» ក៏ពិតមែន តែមិនបានន័យថាលើកដំបូង ដែលលោកធ្វើជាគណៈកម្មការឡើយ គឺបានន័យថា សម្រាប់កម្មវិធីផ្សេងដូចជា កម្មវិធីលក្ខណៈអន្តរជាតិនៅប្រទេសម៉ាឡេស៊ី គឺលោកធ្វើជាគណៈកម្មការច្រើនលើកមកហើយគឺ តាំងពីឆ្នាំ ២០១៣ មកម្ល៉េះ។

ជាមួយនឹងបទពិសោធន៍ច្រើនក្នុងអាជីពម៉ូដែល ទាំងការដឹកនាំតារាម៉ូដែល ទាំងការដាក់ពិន្ទុជាច្រើនកម្មវិធី កន្លងមក ទាំងក្នុង និងក្រៅប្រទេស លោក ម៉ែន និមលរតន៍ បង្ហើបពីគម្រោងថ្មីៗផងដែរថា នឹងមានកម្មវិធីប្រកួត សម្រស់ថ្មីៗបន្ថែមទៀត ក្នុងប្រទេសកម្ពុជា ដែលមិនធ្លាប់មានពីមុនមក តែមិនទាន់បង្ហើបថាលក្ខណៈអ្វីឡើយ។ ទន្ទឹមគ្នានេះ លោកសង្ឃឹមថាកម្មវិធីដែលលោកនឹងបង្កើត នឹងមានមហាជនគាំទ្រច្រើន ជាពិសេសនោះ គឺនឹងមានការចាប់អារម្មណ៍ពីយុវវ័យ ដែលស្រឡាញ់ផ្នែកវិស័យម៉ូដែលតែម្តង៕

You might also like More from author