លោក អ៊ិន សុភិន ចេញ​មុខ​បំភ្លឺ ក្រោយ​លេច​ឮដំណឹង​និង​រូបភាព​ ភិន សុដាលីស រស់​នៅ​ប្រទេស​អង់គ្លេស!

(ភ្នំពេញ)៖ ខណៈដែល ភិន សុដាលីស ត្រូវគេឃើញលេចមុខ នៅក្នុងប្រទេសអង់គ្លេស ទាំងភាពយន្តរឿង «កាំបិតមុខ២» ថតមិនទាន់ចប់នាពេលនេះ មានការសង្ស័យថា នាងកំពុងស្វះស្វែង រកផ្លូវចេញទៅរស់នៅទីនោះ ខណៈដែលប្រភពច្បាស់ការបានលួចបង្ហើបថា បើគ្មានអ្វីជាឧបសគ្គ គឺនាងចេញទៅរស់នៅទីនោះ។ ពាក់ព័ន្ធ នឹងបញ្ហានេះ លោក អ៊ិន សុភិន ជាឪពុកចេញមុខបំភ្លឺឲ្យអស់សង្ស័យ។

ផលិតករមហាហង្សរូបនេះបានបញ្ជាក់ថា កូនស្រីរបស់លោក គឺអ្នកនាង ភិន សុដាលីស ពិតជាស្ថិតនៅអង់គ្លេស និងកំពុងស្វះស្វែងរកផ្លូវសិក្សា នៅក្នុងប្រទេសនោះពិតមែន ប៉ុន្តែមិនមែនអ្នកនាងចង់រស់នៅរយៈពេល យូរនោះទេ ដ្បិតបើត្រូវនៅរៀនមែនក៏រស់នៅ និងរៀនក្នុងរយៈពេលខ្លី ដែលលោកមិនចាត់ទុកថា នោះជាការ រស់នៅនោះដែរ ដោយនាងនឹងនៅតែទៅមកៗ ហើយអាចនឹងរៀនត្រឹមវគ្គខ្លីប៉ុណ្ណោះ។

លោកបន្តថា នាងទៅកាន់ប្រទេសអង់គ្លេស ដោយសារតែកូនប្រុសរបស់លោក សិក្សា និងរស់នៅទីនោះ ហើយជាពេលដែលភរិយារបស់លោក ត្រូវទៅលេងកូនប្រុសប៉ុណ្ណោះ ទើប ភិន សុដាលីស ជូនម្ដាយទៅ ជាមួយ។ លោកថា កូនស្រីគ្រាន់តែចង់ទៅមើលថា តើនៅក្នុងប្រទេសអង់គ្លេស អាចសិក្សាជំនាញអ្វីបាន ដែលពាក់ព័ន្ធនឹងការឌីហ្សាញ និងផ្នែកផលិតកម្មប៉ុណ្ណោះ ប៉ុន្តែបើត្រូវនឹងរៀនមែន ក៏មិនមែនពេលនេះដែរ ដោយសារតែភិន សុដាលីស នៅជាប់ថតរឿង «កាំបិតមុខ២» មិនទាន់ចប់។

លោក អ៊ិន សុភិន បន្តថា ភិន សុដាលីស មិនចេះរស់នៅប្រទេសគេទេ ដោយសារតែនាងនឹកកូន និងមានចំណូលចិត្តចង់រស់នៅស្រុកខ្មែរច្រើនគេ។ លោកថា ភិន សុដាលីស ត្រូវមកសម្ពោធភាពយន្តរឿង «លោកឳពុក» ផង ដូច្នេះនាងមានការងារច្រើនណាស់ត្រូវធ្វើ មិនអាចទៅរៀន ឬរស់នៅអង់គ្លេសបានទេ បើទោះជាប្អូនប្រុសនៅទីនោះស្រាប់៕

You might also like More from author